ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហុងកុងសម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន ១៣បន្ថែមទៀតដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩ប្រភេទអូមីក្រុង

    BY Pheakdey November 30, 2021
    ហុងកុងសម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន ១៣បន្ថែមទៀតដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩ប្រភេទអូមីក្រុង

    ហុងកុង៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia កាលពីព្រឹកថ្ងៃអង្គារ ទី ៣០ ខែវិច្ឆិកានេះ បានឲ្យដឹងថា អាជ្ញាធរក្រុងហុងកុងបានសម្រេចធ្វើការហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន ១៣បន្ថែមទៀត មិនឲ្យចូលក្នុងទឹកដីខ្លួនឡើយដើម្បីទប់ស្កាត់ការចម្លងនៃមេរោគជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ ក្រុមអ្នកដំណើរដែលត្រូវបានហាមឃាត់ដោយអាជ្ញាធរក្រុងកុងនោះ គឺជាក្រុមអ្នកទេសចរណ៍ ឬពលរដ្ឋដែលគ្មានសិទ្ធស្នាក់នៅស្របច្បាប់ក្នុងក្រុងហុងកុងនិងធ្លាប់មានប្រវត្តិធ្វើដំណើរឆ្លងកាត់ប្រទេសអូស្រ្តាលី កាណាដា អ៊ីស្រាអែល ប្រទេសចំនួន ៤ នៅតំបន់អាហ្រ្វិក និងប្រទេសចំនួន ៦នៅតំបន់អឺរ៉ុបក្នុងរយៈពេល ២១ថ្ងៃចុងក្រោយនេះ។

    ដោយឡែកសម្រាប់ពលរដ្ឋហុងកុង ឬពលរដ្ឋបរទេសដែលទទួលបានសិទ្ធស្នាក់នៅដោយស្របច្បាប់ក្នុងទីក្រុងហុងកុងអាចធ្វើដំណើរត្រលប់មកក្រុងហុងកុងវិញបាននៅពេលនេះ តែពួកគេត្រូវអនុវត្តតាមវិធានការធ្វើចត្តាឡីស័កថ្មីដែលទើបបានដាក់ចេញដោយអាជ្ញាធរសុខាភិបាលហុងកុង។ វិធានការធ្វើចត្តាឡីស័កថ្មីនេះ គឺតម្រូវឲ្យអ្នកដំណើរត្រូវធ្វើចត្តាឡីស័ករយៈពេល ៣សប្តាហ៍ ដោយក្នុងសប្តាហ៍ទី ១ នៃការធ្វើចត្តាឡីស័កនឹងស្ថិតនៅក្រោមការរៀបចំរបស់រដ្ឋាភិបាលហុងកុង តែក្នុងសប្តាហ៍ទី ២ និងទី៣ ពួកគេត្រូវទៅធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារនិងចំណាយប្រាក់ដោយខ្លួនឯងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: