បុរសតៃវ៉ាន់ម្នាក់បានធ្វើពុតជាឈឺហើយហៅរថយន្តសង្គ្រោះបន្ទាន់មកទទួលដោយឥតគិតថ្លៃចំនួន ៣៩ដង ព្រោះគាត់ខ្ជិលដើរពីផ្សារទៅផ្ទះ
តៃវ៉ាន់៖ បុរសជនជាតិតៃវ៉ាន់ម្នាក់ត្រូវបានគេរកឃើញថា បានធ្វើពុតជាឈឺដើម្បីបានជិះរថយន្តសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃជាច្រើនដង ព្រោះតែមិនចង់ចំណាយលុយជិះរថយន្តតាក់ស៊ីនិងមិនចង់ចំណាយកម្លាំងធ្វើដំណើរដោយថ្មើរជើងពីផ្សារមកកាន់ផ្ទះរបស់គាត់។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា បុរសដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណរូបនេះមានផ្ទះជាប់នឹងមន្ទីរពេទ្យមួយកន្លែង ខណៈសេវាប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់នៅលើកោះតៃវ៉ាន់មិនត្រូវបានគិតថ្លៃនោះទេ។

ប្រភពខាងលើបានបន្តថា ដោយមើលឃើញកត្តាអំណោយផលដូចនេះ បុរសកំហូចរូបនេះតែងធ្វើពុតជាឈឺនិងបានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់មកយកគាត់ពីផ្សារទំនើបទៅកាន់មន្ទីរពេទ្យ ហើយពេលទៅដល់មន្ទីរពេទ្យគាត់មិនដែលចូលទៅពិនិត្យសុខភាពឡើយតែគាត់បានបន្លំដើរចេញពីពេទ្យទៅផ្ទះរបស់គាត់តែម្តង។ បើតាមអាជ្ញាធរតៃវ៉ាន់បានឲ្យដឹងថា ក្នុងមួយឆ្នាំនេះបុរសរូបនេះបានហៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកទទួលគាត់ចំនួន ៣៩ ដង ហើយចម្ងាយផ្លូវពីផ្សារទៅផ្ទះគាត់នោះគឺមានប្រវែងប្រមាណជា ២០០ម៉ែត្រប៉ុណ្ណោះ។ ខាងអាជ្ញាធរបាបន្តថា ល្បិចគួរឲ្យហួសចិត្តនេះត្រូវបានបែកធ្លាយបន្ទាន់ពីខាងមន្ទីរពេទ្យបានកត់សម្គាល់ឃើញថា អ្នកជំងឺដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយរថយន្តសង្គ្រោះបន្ទាន់រូបនេះតែងគេចមិនចូលពិនិត្យសុខភាពនិងដើរចេញពីមន្ទីរពេទ្យយ៉ាងលឿនដូចមនុស្សមានសុខភាពល្អធម្មតាដែរ។ ពេលនេះបុរសរូបនេះកំពុងត្រូវបានអាជ្ញាធរហៅមកធ្វើការអប់រំនិងទទួលការពិន័យមួយចំនួនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz