កូរ៉េខាងត្បូងរកឃើញករណីអ្នកឆ្លងកូវីដ ១៩ អូមីក្រុងជាលើកដំបូងចំនួន ៥ករណី
កូរ៉េខាងត្បូង៖ ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃពុធ ទី១ ខែធ្នូ ម្សិលមិញនេះ។ បើយោងតាមទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺឆ្លងកូរ៉េខាងត្បូងបានបញ្ជាក់ថា ករណីវិជ្ជមានកូវីដ ១៩ វ៉ារ៉្យង់អូមីក្រុងនោះត្រូវបានអាជ្ញាធរសុខាភិបាលរកឃើញនៅក្នុងខ្លួនអ្នកដំណើរចំនួន ៥នាក់ ដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ានិងបានមកដល់កូរ៉េខាងត្បូងកាលពីសប្តាហ៍កន្លងទៅ ខណៈពួកគាត់សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់អស់ហើយ។

ទន្ទឹមនឹងការកឃើញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះ កូរ៉េខាងត្បូងក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ទូទៅចំនួន ៥,១២៣ករណី ដែលវាជាតួលេខអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មានផងដែរ។ ឆ្លើយតបនឹងបញ្ហាមិនធ្លាប់មានខាងលើនេះ អាជ្ញាធរកូរ៉េខាងត្បូងបានសម្រេចដាក់ចេញវិធានការតឹងរឹងមួយចំនួនដូចជា ធ្វើតេស្តគ្រប់អ្នកដំណើរអន្តរជាតិទាំងអស់ដោយផ្តោតលើការស្វែងរកជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនិងតម្រូវឲ្យគ្រប់អ្នកដំណើរត្រលប់មកពីក្រៅប្រទេសទាំងអស់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ បើទោះជាពួកគាត់បានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ខណៈវិធានការនេះត្រូវបានអនុវត្តចំពោះទាំងជនបរទេសនិងពលរដ្ឋកូរ៉េខាងត្បូង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia