អូស្ត្រាលីរកឃើញករណីឆ្លងជំងឺកូវីដ ១៩ អូមីក្រុងនៅក្នុងសហគមន៍ជាលើកដំបូង
អូស្រ្តាលី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី៣ ខែធ្នូ នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសអូស្ត្រាលីបានប្រកាសពីរកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងនៅក្នុងសហគមន៍ជាលើកដំបូងហើយ ខណៈករណីទី ១ នេះគឺត្រូវបានរកឃើញចំពោះនិស្សិតម្នាក់នៅក្នុងទីក្រុងស៊ីដនី ដែលនិស្សិតរូបនេះគ្មានប្រវត្តិធ្លាប់ធ្វើដំណើរចេញក្រៅប្រទេសទាល់តែសោះក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ។

ប្រភពខាងលើបានបន្តថា បើទោះជាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងនៅក្នុងសហគមន៍ជាលើកដំបូងមែន តែអាជ្ញាធរអូស្រ្តាលីនៅបន្តអនុវត្តផែនការបើកសេដ្ឋកិច្ចឡើងវិញដដែល ដ្បិតអាជ្ញាធរអូស្រ្តាលីយល់ឃើញថា វ៉ារ៉្យង់ថ្មីនេះទំនងជាមិនកាចសាហាវជាងវ៉ារ៉្យង់មុនៗនោះទេ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអូស្រ្តាលីបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងចំនួន ៩ ករណីហើយ ដោយក្នុងនោះមានករណីនាំចូលចំនួន ៨ករណី និងករណីឆ្លងក្នុងសហគមន៍ចំនួន ១ករណី៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia