សិង្ហបុរីរកឃើញអ្នកដំណើរ ២នាក់វិជ្ជមានកូវីដ ១៩ អូមីក្រុង
សិង្ហបុរី៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែឆ្នូ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនៅក្នុងខ្លួនអ្នកដំណើរចំនួន ២ នាក់ ដែលមានប្រវត្តិធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកដំណើរទាំងនេះបានធ្វើដំណើរតាមជើងហោះហើរ Singapore Airlines បានមកដល់ទឹកដីនៃប្រទេសសិង្ហបុរីកាលពីថ្ងៃទី ១ ខែធ្នូ ហើយបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី ២ ឆ្នូម្សិលមិញនេះ ខណៈកាលពីថ្ងៃទី ២៩ ខែវិច្ឆិកាកន្លងទៅ នៅពេលដែលពួកគាត់ត្រូវប្តូរជើងហោះហើរនៅក្នុងប្រទេសម៉ូសំប៊ិក ពួកគាត់ក៏បានធ្វើតេស្តម្តងដែរ តែលទ្ធផលអវិជ្ជមាន។

បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា អ្នកដំណើរទាំង ២នាក់នេះសុទ្ធតែបានចាក់វ៉ាក់សាំងបង្ការកូវីដរួចហើយ ក្នុងនោះរួមមានបុរសជនជាតិសិង្ហបុរីម្នាក់អាយុ ៤៤ឆ្នាំ ហើយរូបគាត់ជាពលរដ្ឋមានសិទ្ធស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសសិង្ហបុរី ខណៈម្នាក់ទៀតគឺជាស្រ្តីជនជាតិសិង្ហបុរីអាយុ ៤៤ឆ្នាំ តែស្រ្តីរូបនេះបានធ្វើដំណើរមកកាន់សិង្ហបុរីក្នុងគោលបំណងស្នាក់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ អាជ្ញាធរសិង្ហបុរីបានបន្តថា អ្នកជំងឺទាំង ២នាក់នេះអ្នកមិនទាន់មានការទាក់ទាងជាមួយអ្នកណាម្នាក់នៅក្នុងសហគមន៍នៅឡើយទេក្រោយពេលមកដល់សិង្ហបុរីភ្លាម ខណៈអ្នករួមដំណើរក្នុងជើងហោះហើរជាមួយពួកគាត់ចំនួន ១៩ នាក់ផ្សេងទៀតកំពុងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក ដែលមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរសិង្ហបុរី។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសិង្ហបុរីបានសម្រេចបិទជើងហោះហើរមកពីបណ្តាប្រទេសមួយចំនួននៅតំបន់អាហ្វ្រិកខាងត្បូងរួចហើយ ខណៈជើងហោះហើរខាងលើនេះបានចេញដំណើរមុនការប្រកាសបិទនោះទៅទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia