អូមីក្រុងបានធ្វើដំណើរទៅដល់ឥណ្ឌាហើយ ខណៈឥណ្ឌាគ្មានផែនការចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋខ្លួននោះទេ
ឥណ្ឌា៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែឆ្នូ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញករណីឆ្លងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងជាលើកដំបូងចំពោះអ្នកដំណើរចំនួន ២រូប ដែលធ្លាប់មានប្រវត្តិធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកដំណើរទាំង ២នាក់នោះគឺសុទ្ធតែជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ ដោយម្នាក់មានអាយុ ៤៦ឆ្នាំ និងម្នាក់ទៀតមានអាយុ ៦៦ឆ្នាំ ហើយពួកគាត់បានធ្វើដំណើរមកដល់រដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីសប្តាហ៍កន្លងទៅ។

អាជ្ញាធរសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ ១៩ វ៉ារ៉្យង់អូមីក្រុងទាំង ២នាក់នោះ មានម្នាក់ជាពលរដ្ឋអាហ្វ្រិកខាងត្បូង ហើយរូបគាត់មានការពាក់ព័ន្ធជាមួយមនុស្សចំនួន ២៥០នាក់ផ្សេងទៀត តែលទ្ធផលនៃការធ្វើតេស្តចំពោះអ្នកពាក់ព័ន្ធទាំងអស់នោះគឺអវិជ្ជមាន។ ដោយឡែកអ្នកជំងឺកូវីដ ១៩ ម្នាក់ទៀតគឺជាគ្រូពេទ្យជនជាតិឥណ្ឌា ហើយរូបគាត់ក៏មានការពាក់ព័ន្ធជាមួយក្រុមគ្រូពេទ្យចំនួន ៥នាក់ផ្សេងទៀតផងដែរ តែអ្នកពាក់ព័ន្ធទាំងនោះសុទ្ធតែធ្វើតេស្តអវិជ្ជមានទាំងអស់។
បើទោះជាបានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ដែលគួរឲ្យមានភាពភ័យខ្លាចនេះក៏ដោយ តែអាជ្ញាធរសុខាភិបាលឥណ្ឌាមិនបានបង្ហាញពីគម្រោងចាក់វ៉ាក់សាំងដូសជំរុញឬដូសទី៣ ជូនពលរដ្ឋខ្លួននោះទេ ព្រោះគិតត្រឹមពេលនេះឥណ្ឌានៅមានពលរដ្ឋជាច្រើននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំង។ តាមរបាយការណ៍របស់អាជ្ញាធរឥណ្ឌាបានបង្ហាញថា គិតត្រឹមពេលនេះមានពលរដ្ឋឥណ្ឌាពេញវ័យត្រឹម ៤៩% ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋពេញវ័យ ៩៤៤ លាននាក់ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩រួចរាល់ ខណៈចំនួនពលរដ្ឋគោលដៅនេះមិនរួមបញ្ជូលពលរដ្ឋដែលមានអាយុក្រោម ១៨ ឆ្នាំនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia