Pfizer បង្ហាញទំនុកចិត្តខ្ពស់ថា ថ្នាំលេបរបស់ក្រុមហ៊ុនខ្លួនអាចប្រឆាំងនឹងមេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង បាន
អគ្គនាយកក្រុមហ៊ុនផលិតឱសថ Pfizer លោក Albert Bourla បានឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកមានទំនុកចិត្តខ្ពស់ថាថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនលោកគឺមានប្រសិទ្ធភាពអាចប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងបាន។ នៅក្នុងសេចក្តីថ្លែងការមួយដែលចុះផ្សាយតាមបណ្តាញសារព័ត៌មាន CNBC News លោកអគ្គនាយកក្រុមហ៊ុនរូបនេះបានបញ្ជាក់ថា ថ្នាំគ្រាប់របស់ក្រុមហ៊ុន Pfizer ត្រូវបានផលិតឡើងដើម្បីប្រឆាំងទៅនឹងក្រុមមេរោគដែលអាចផ្លាស់ប្តូរខ្លួនបានច្រើនដង ដូចនេះវានឹងមានប្រសិទ្ធខ្ពស់ក្នុងការទប់ទល់នឹងវ៉ារ៉្យង់អូមីក្រុងដែលជាពពួកមេរោគមានសមត្ថភាពខ្ពស់ក្នុងការផ្លាស់ប្តូរខ្លួន។

គួរបញ្ជាក់ថា ថ្នាំគ្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ ដែលក្រុមហ៊ុន Pfizer បានផលិតឡើងនោះមានឈ្មោះថា Paxlovid ហើយយោងតាមការពិសោធន៍នាពេលកន្លងមកថ្នាំលេបប្រភេទនេះមានប្រសិទ្ធភាពអាចការពារមិនឲ្យអ្នកជំងឺដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅមានជំងឺធ្ងន់ធ្ងរឬឈានដល់ការស្លាប់បាត់បង់ជីវិតក្នុងកម្រិតរហូតដល់ ៨៩%។ កាលពីដើមខែនេះក្រុមហ៊ុន Pfizer បានដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យមានប្រើប្រាស់ថ្នាំប្រភេទនេះក្នុងគ្រាបន្ទាន់ទៅកាន់រដ្ឋបាលផ្នែកឱសថនិងចំណីអាហារអាមេរិកហើយ តែការសម្រេចយ៉ាងណានោះនៅមិនទាន់ត្រូវបានគេធ្វើឡើងជាផ្លូវការនៅឡើយទេ៕

លោក Albert Bourla
អត្ថបទ៖ ភក្តី
ប្រភព៖ CNBC News