ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមគ្រូពេទ្យឥណ្ឌានាំគ្នាធ្វើកូដកម្មស្របពេលវ៉ារ្យ៉ង់អូមីក្រុងអាចបង្កឲ្យមានការរាតត្បាតទ្រង់ទ្រាយធំទូទាំងប្រទេសជាលើកទី ៣

    BY Pheakdey December 4, 2021
    ក្រុមគ្រូពេទ្យឥណ្ឌានាំគ្នាធ្វើកូដកម្មស្របពេលវ៉ារ្យ៉ង់អូមីក្រុងអាចបង្កឲ្យមានការរាតត្បាតទ្រង់ទ្រាយធំទូទាំងប្រទេសជាលើកទី ៣

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី ៣ ខែធ្នូ ម្សិលមិញនេះ មានក្រុមវេជ្ជបណ្ឌិតជាច្រើននៅក្នុងប្រទេសឥណ្ឌាបាននាំគ្នធ្វើកូដកម្មមិនចូលធ្វើការងារដែលមិនសូវចំបាច់មួយចំនួន ខណៈអាជ្ញាធរសុខាភិបាលឥណ្ឌាកំពុងមានការព្រួយបារម្ភអំពីលទ្ធភាពនៃការផ្ទុះការរាតត្បាតកូវីដ ១៩ ទ្រង់ទ្រាយធំជាលើកទី ៣ ដែលបង្ករឡើងដោយមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីអូមីក្រុង។ មូលហេតុចម្បងដែលជំរុញឲ្យក្រុមវេជ្ជបណ្ឌិតឥណ្ឌានាំគ្នាធ្វើកូដកម្មមិនចូលធ្វើការងារនោះ ព្រោះតែពួកគាត់ទាមទារឲ្យរដ្ឋាភិបាលសម្រេចជ្រើសរើសយកក្រុមនិស្សិតពេទ្យដែលទើបបញ្ចប់ការសិក្សាឲ្យមកជួយការងារនៅតាមមន្ទីរពេទ្យនានា ដ្បិតក្នុងបរិបថកូរីដ ១៩នេះ ក្រុមគ្រូពេទ្យឥណ្ឌាត្រូវធ្វើការងារលើសម៉ោងគ្មានពេលសម្រាកគ្រប់គ្រាន់នោះទេ។

    គួររម្លឹកថា កាលពីប៉ុន្មានថ្ងៃមុននេះឥណ្ឌាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ អូមីក្រុងជាលើកដំបូងក្នុងសហគមន៍ខ្លួន ហើយអ្នកជំងឺកូវីដ ១៩ នោះមានការពាក់ព័ន្ធជាមួយមនុស្សជាច្រើននាក់ផ្សេងទៀត ខណៈអាជ្ញាធរឥណ្ឌាគ្មានផែនការចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋខ្លួននោះទេ។​ ព្រោះហេតុផលនេះហើយ ទើបអាជ្ញាធរសុខាភិបាលឥណ្ឌាបង្ហាញនូវក្តីបារម្ភេថា វ៉ារ្យ៉ង់អូមីក្រុងអាចបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំជាលើកទី ៣ផងដែរ។ សូមបញ្ជាក់ជូនផងដែរថា ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះឥណ្ឌាមានតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃប្រមាណជា ១០,០០០ នាក់ក្នុងមួយថ្ងៃ ហើយគិតត្រឹមពេលនេះឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ ១៩សរុបជាង ៣៤លាននាក់ និងស្លាប់ជាង ៤៧ម៉ឺននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: