ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វ៉ារ្យ៉ង់អូមីក្រុងបន្តរាតត្បាតដល់រដ្ឋប្រមាណជា ១/៣ នៃរដ្ឋសរុបក្នុងសហរដ្ឋអាមេរិក

    BY Pheakdey December 6, 2021
    វ៉ារ្យ៉ង់អូមីក្រុងបន្តរាតត្បាតដល់រដ្ឋប្រមាណជា ១/៣ នៃរដ្ឋសរុបក្នុងសហរដ្ឋអាមេរិក

    អាមេរិក៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា អាមេរិកបន្តរកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងកាន់តែច្រើនឡើង ខណៈបើគិតត្រឹមថ្ងៃទី ៥ ខែធ្នូម្សិលមិញនេះ វ៉ារ៉្យង់អូមីក្រុងកំពុងតែមានវត្តមាននៅក្នុងរដ្ឋប្រមាណជា ១/៣ នៃរដ្ឋសរុបរបស់អាមេរិកហើយ។ បើទោះជាមានការកើនឡើងនៃករណីឆ្លងកូវីដ ១៩ អូមីក្រុងក៏ដោយ តែលោកវេជ្ជបណ្ឌិត Anthony Fauci ដែលជាមន្ត្រីជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាមេរិកបានថ្លែងថា គិតត្រឹមពេលនេះគេនៅមិនទាន់មើលឃើញថាវ៉ារ្យ៉ង់អូមីក្រុងពិតជាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ង​រដូចការលើកឡើងនាពេលកន្លងមកនោះទេ។

    លោកវេជ្ជបណ្ឌិត Anthony Fauci បានបន្តថា វាហាក់ដូចជាលឿនពេកដែលគេហ៊ានសន្និដ្ឋានថា វ៉ារ្យ៉ង់អូមីក្រុងមានគ្រោះថ្នាក់ធ្ងន់ធ្ងរទាំងដែលគេមិនទាន់បានសិក្សាអំពីវាឲ្យស៊ីជម្រៅនៅឡើយ។ យ៉ាងណាក្តី លោកវេជ្ជបណ្ឌិតរូបនេះក៏មិនបានមើលស្រាលចំពោះវ៉ារ្យ៉ង់អូមីក្រុងដែរ ដោយលោកបានអំពាវនាវឲ្យពលរដ្ឋអាមេរិកប្រញាប់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ឲ្យបានគ្រប់ៗគ្នានិងបានណែនាំមិនឲ្យពលរដ្ឋមានការភ័យស្លន់ស្លោខ្លាំងពេកនោះទេ ព្រោះលោកយល់ឃើញថាការចាក់វ៉ាក់សាំងនិងអនុវត្តវិធានការអនាម័យនៅតែមានប្រសិទ្ធភាពក្នុងការប្រឆាំងទៅនឹងមេរោគកូវីដ ១៩ ថ្មីៗ បើទោះជាមេរោគនោះមានការបំប្លែងខ្លួនច្រើនដងយ៉ាងណាក៏ដោយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: