ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្នំភ្លើងដ៏ធំមួយនៅឥណ្ឌូនេស៊ីបានផ្ទុះនិងឆក់យកជីវិតពលរដ្ឋ ១៤នាក់ ខណៈជាច្រើននាក់ផ្សេងទៀតកំពុងរងរបួសនិងបាត់ខ្លួន

    BY Pheakdey December 6, 2021
    ភ្នំភ្លើងដ៏ធំមួយនៅឥណ្ឌូនេស៊ីបានផ្ទុះនិងឆក់យកជីវិតពលរដ្ឋ ១៤នាក់ ខណៈជាច្រើននាក់ផ្សេងទៀតកំពុងរងរបួសនិងបាត់ខ្លួន

    ឥណ្ឌូនេស៊ី៖ ភ្នំភ្លើងដ៏ខ្ពស់មួយដែលមានឈ្មោះថា Semeru មានទីតាំងស្ថិតនៅលើកោះចាវ៉ា ប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើងកាលថ្ងៃអាទិត្យ ទី៥ ខែធ្នូម្សិលមិញនេះ ខណៈគិតត្រឹមពេលនេះឥទ្ធិពលនៃការផ្ទុះភ្នំភ្លើងនៅតែបន្តគំរាមគំហែងដល់សុវត្ថិភាពប្រជាពលរដ្ឋនៅឡើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃច​ន្ទ ទី៦ ខែធ្នូនេះ។ បើតាមរបាយការណ៍របស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានបង្ហាញថា គិតត្រឹមនេះមានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១៤នាក់បានស្លាប់ ជាច្រើននាក់រងរបួសធ្ងន់ធ្ងរ និងមួយចំនួនផ្សេងទៀតកំពុងបាត់ខ្លួនក្រោយកើតមានហេតុការណ៍ផ្ទុះភ្នំភ្លើងខាងលើនេះ។

    ប្រភពខាងលើបានបន្តថា ប្រតិបត្តិការណ៍ស្រាវជ្រាវនិងជួយសង្គ្រោះជនរងគ្រោះកំពុងជួបប្រទះនឹងឧបសគ្គយ៉ាងខ្លាំង ដ្បិតនៅពេលនេះភ្លៀងបានធ្លាក់យ៉ាងច្រើននិងមានខ្យល់យ៉ាងខ្លាំងទៀតផងនៅជុំវិញតំបន់ដែលមានការផ្ទុះភ្នំភ្លើងនោះ។ ទន្ទឹមគ្នានេះលោក Liswanto ដែលជាអ្នកជំនាញនិងបានតាមដានហេតុការណ៍ផ្ទុះភ្នំភ្លើង Semeru​ យ៉ាងយកចិត្តទុកដាក់នោះបានបញ្ជាក់ថា  ក្នុងពេលនេះផេះនិងផ្សែងពុលដែលបានភាយចេញពីភ្នំភ្លើងគឺនៅតែអាចបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ ដូចនេះលោកបានណែនាំមិនឲ្យពលរដ្ឋដែលបានរត់គេចខ្លួនកាលពីថ្ងៃម្សិលមិញប្រញាប់ត្រលប់ទៅផ្ទះវិញនៅពេលនេះទេ ហើយរូបលោកនឹងជូនដំណឹងនៅពេលក្រោយទៀតអំពីពេលវេលាជាក់លាក់ដែលពលរដ្ឋទូទៅអាចចូលទៅកាន់តំបន់ភ្នំភ្លើងវិញដោយសុវត្ថិភាព៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: