ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកសម្រេចធ្វើពហិការការទូតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ២០២២ នៅប្រទេសចិន

    BY Pheakdey December 7, 2021
    អាមេរិកសម្រេចធ្វើពហិការការទូតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ២០២២ នៅប្រទេសចិន

    អាមេរិក៖ កាលពីថ្ងៃចន្ទ ទី៦​ ខែធ្នូ ម្សិលមិញនេះសហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការអំពីការធ្វើពហិការការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ។ ពហិការការទូតរបស់ទីក្រុងវ៉ាស៊ីនតោននៅពេលនេះត្រូវបានធ្វើឡើងដើម្បីថ្កោលទោសចំពោះសកម្មភាពរំលោភបំពានសិទ្ធមនុស្ស ដែលអាជ្ញាធរចិនបានធ្វើយ៉ាង​ព្រៃផ្សៃចំពោះក្រុមពលរដ្ឋកាន់សាសនាឥស្លាមអ៊ុយហ្គួ នៅតំបន់ Xinjiang ភាគខាងជើងប្រទេសចិន នាពេលកន្លងមក។

    សូមបញ្ជាក់ថា ក្នុងការធ្វើពហិការការទូតនេះគឺអាមេរិកនឹងមិនបញ្ជូនអ្នកតំណាងការទូតឬមន្ត្រីតំណាងឲ្យសហរដ្ឋអាមេរិកណាម្នាក់ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឡើយ ខណៈក្រុមអត្តពលិកជម្រើសជាតិអាមេរិកនឹងបន្តចូលរួមក្នុងព្រឹត្តិការណ៍កីឡានេះជាធម្មតាតាមការគ្រោងទុក។ ភ្លាមៗក្រោយការប្រកាសធ្វើពហិការការទូតរបស់អាមេរិក ទីក្រុងប៉េកាំងនៅមិននាន់មានប្រតិកម្មឆ្លើយតបទៅវិញនៅឡើយទេ តែក្រសួងការបរទេសចិនបានអះអាងថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការធ្វើពហិការនេះ។ ដោយឡែកសម្រាប់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) វិញបានលើកឡើងថា រឿងរ៉ាវចម្រូងចម្រាសនេះគឺជាបញ្ហានយោបាយរបស់អាមេរិកនិងចិន ខណៈគណៈកម្មាធិការអូឡាំពិកអន្តរជាតិអនុវត្តគោលការណ៍គោរពអព្យាក្រឹតភាពនយោបាយរបស់ប្រទេសនីមួយៗ ដូចនេះគ្មានអ្នកណាម្នាក់មានសិទ្ធលូកដៃចូលទៅធ្វើអន្តរាគមន៍រឿងនេះឡើយក្រៅតែពីភាគីចិននិងអាមេរិក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: