អគ្គនាយកក្រុមហ៊ុន Moderna បាននិយាយថា វ៉ាក់សាំងនាពេលបច្ចុប្បន្នទំនងជាមិនអាចប្រឆាំងនឹងមេរោគអូមីក្រុងបាននោះទេ
អគ្គនាយកក្រុមហ៊ុនផលិតឱសថអាមេរិក Moderna គឺលោក Stephane Bancel បានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ននេះទំនងជាមិនអាចប្រឆាំងនឹងមេរោគអូមីក្រុងបាននោះទេ ដ្បិតមេរោគប្រភេទនេះមានសមត្ថភាពអាចផ្លាស់ប្តូររូបរាងបានច្រើនខ្លាំងណាស់។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកបានផ្តល់បទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌អន្តរជាតិ Financial Times កាលពីថ្ងៃអង្គារកន្លងទៅនេះដោយលោកបានពន្យល់ថា មេរោគអូមីក្រុងអាចធ្វើការផ្លាស់ប្តូររូបរាងបានចន្លោះពី ៣២-៥០ ដង ហើយកត្តានេះហើយដែលអាចជួយឲ្យមេរោគអូមីក្រុងអាចគេចខ្លួនពីការតាមកម្ចាត់របស់វ៉ាក់សាំងគ្រប់ប្រភេទដែលគេកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។

លោក Stephane Bancel
លោក Stephane Bancel បានបន្តថា ការសិក្សាស៊ីជម្រៅអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងនាពេលបច្ចុប្បន្នជាមួយនឹងមេរោគអូមីក្រុងអាចនឹងបង្ហាញលទ្ធផលជាផ្លូវការនៅក្នុងរយៈពេល ២ខែបន្ទាប់ទៀត តែយ៉ាងណាក្តីក្រុមអ្នកវិទ្យាសាស្រ្តគ្មានសុទិដ្ឋិនិយមថា វ៉ាក់សាំងនាពេលបច្ចុប្បន្នអាចយកឈ្នះលើមេរោគអូមីក្រុងបាននោះទេ។ ដោយការយល់ឃើញដូចនេះហើយទើបក្រុមហ៊ុនផលិតឱសថជាច្រើនកំពុងតែរិះរករូបមន្តដើម្បីផលិតវ៉ាក់សាំងថ្មីដែលមានលក្ខណៈពិសេសសម្រាប់ប្រឆាំងនឹងមេរោគអូមីក្រុង។ លោក Stephane Bancel បានបញ្ជាក់ផងដែរថា តាមគម្រោងគឺក្រុមហ៊ុន Moderna នឹងនាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឲ្យបានចំនួន ២-៣ពាន់លានដូសក្នុងឆ្នាំ ២០២២ ខាងមុខនេះ តែឥឡូវគម្រោងនេះអាចនឹងប្រែប្រួលហើយ ព្រោះក្រុមហ៊ុនត្រូវការពេលវេលាសម្រាប់ផ្តោតលើការផលិតវ៉ាក់សាំងថ្មីទប់ទល់នឹងអូមីក្រុង៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post