ការសិក្សាមួយបានរកឃើញថា វ៉ាក់សាំង Pfizer អាចការពារវ៉ារ្យ៉ង់អូមីក្រុងបានត្រឹមផ្នែកខ្លះប៉ុណ្ណោះ
អាហ្រ្វិកខាងត្បូង៖ ការសិក្សាមួយបានរកឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer មានប្រសិទ្ធភាពអាចការពារវ៉ារ្យ៉ង់អូមីក្រុងបានត្រឹមផ្នែកខ្លះប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia កាលពីព្រឹកថ្ងៃពុធ ទី៨ ខែធ្នូនេះ។ ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវសុខភាពអាហ្វ្រិក ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ហើយនៅក្នុងការសិក្សានោះគេបានធ្វើការពិសោធន៍ទៅលើឈាមមនុស្សចំនួន ១២នាក់ផ្សេងគ្នា ដែលធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer រួចរាល់នាពេលកន្លងមក។

លោកវេជ្ជបណ្ឌិត Alex Sigal ដែលជាសាស្ត្រាចារ្យដឹកនាំការសិក្សាខាងលើបានបកស្រាយអំពីលទ្ធផលនៃការសិក្សាថា ឈាមមនុស្ស ៥នាក់ក្នុងចំណោមមនុស្សចំនួន ៦នាក់ ដែលជាអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩រួច ក៏ដូចជាអ្នកធ្លាប់មានប្រវត្តិកើតជំងឺកូវីដ ១៩ នោះគឺពួកគេនៅតែមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគអូមីក្រុង។ ដោយឡែកបើគិតអំពីប្រសិទ្ធភាពជារួមវិញគឺប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer បានធ្លាក់ចុះ ៤១% ក្នុងការប្រឆាំងនឹងមេរោគអូមីក្រុង ខណៈក្នុងការប្រឆាំងនឹងមេរោគកូវីដ ១៩ ផ្សេងទៀតវ៉ាក់សាំងប្រភេទនេះអាចមានប្រសិទ្ធភាពដល់ខ្ទង់ជាង ៩០%ឯណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia