ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Pfizer និង BioNTech អះអាងថា ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនខ្លួនចំនួន ៣ដូសអាចបន្សាបមេរោគអូមីក្រុងបាន

    BY Pheakdey December 9, 2021
    Pfizer និង BioNTech អះអាងថា ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនខ្លួនចំនួន ៣ដូសអាចបន្សាបមេរោគអូមីក្រុងបាន

    ក្រុមហ៊ុនផលិតឱសថ Pfizer និង BioNTech បានឲ្យដឹងកាលពីថ្ងៃពុធ ទី៨ ខែធ្នូ ម្សិលមិញថា ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនខ្លួនចំនួន ៣ដូសអាចបន្សាបមេរោគកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងបាន។ គួររម្លឹកថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដែលជាទូទៅគេស្គាល់ថា វ៉ាក់សាំងឈ្មោះ Pfizer នោះ គឺជាផលិតផលរួមរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer សហការណ៍ជាមួយក្រុមហ៊ុនផលិតឱសថអាឡឺម៉ង់ BioNTech ហើយនាពេលកន្លងមកវ៉ាក់ប្រភេទនេះត្រូវបានគេរកឃើញថា ជាវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងទៅនឹងមេរោគនៃជំងឺកូវីដ ១៩ ទូទៅ ពោលគឺប្រសិទ្ធភាពរបស់វាអាចមានរហូតដល់ជាង ៩០% ឯណោះ សម្រាប់ការចាក់ចំនួន ២ដូស។

    បើតាមលោក Ozlem Tuereci ដែលជាប្រធានផ្នែកវេជ្ជសាស្ត្រនៃក្រុមហ៊ុន BioNTech បានលើកយកលទ្ធផលនៃការសិក្សាមួយមកបង្ហាញថា ការប្រើប្រាស់វ៉ាក់សាំង Pfizer ចំនួន ២ដូសសម្រាប់ប្រឆាំងនឹងមេរោគអូមីក្រុងគឺប្រសិទ្ធភាពរបស់វ៉ាក់សាំងនៅមានកម្រិតទាប តែបើគេប្រើប្រាស់វ៉ាក់សាំងដដែលនេះរហូតដល់ ៣ដូសគឺវាមានប្រសិទ្ធភាពអាចទប់ទល់នឹងវ៉ារ្យ៉ងអូមីក្រុងបាន។ ប្រធានផ្នែកវេជ្ជសាស្ត្ររូបនេះបានបន្តថា  នៅក្នុងឆ្នាំ ២០២២ ខាងមុខនេះ ក្រុមហ៊ុន Pfizer-BioNTech ក៏គ្រោងនឹងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ​ ១៩ ពិសេសមួយសម្រាប់ប្រឆាំងតែវ៉ារ្យ៉ង់អូមីក្រុងផងដែរ  ដោយគេនឹងប្រើប្រាស់រូបមន្តផលិតវ៉ាក់សាំងចាស់តែអភិវឌ្ឍន៍វាឲ្យមានគុណភាពខ្លាំងជាងមុនក្នុងដូសតែមួយ ដើម្បីកុំឲ្យគេពិបាកចាក់ច្រើនដង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia 

    Share This Post: