ថៃទំនងជារកឃើញករណីឆ្លងកូវីដអូមីក្រុងករណីទី ៤ ចំពោះបុរសថៃម្នាក់ដែលទើបធ្វើដំណើរមកពីប្រទេសកុងហ្គោ
ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ម្សិលមិញថា បុរសជនជាតិថៃអាយុ ៤១ ឆ្នាំម្នាក់ទំនងនឹងក្លាយជាអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលជាករណីទី ៤ សម្រាប់ប្រទេសថៃផងដែរ ។ បុរសរូបនេះមានប្រវត្តិធ្វើដំណើរមកពីប្រទេសកុងហ្គោ ធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ AstraZeneca ចំនួន ២ដូស ហើយលទ្ធផលធ្វើតេស្តដោយម៉ាស៊ីនធំ (PCR) ដើម្បីរកជំងឺកូវីដ ១៩ របស់គាត់នឹងត្រូវបង្ហាញជូនជាផ្លូវការនៅក្នុងចន្លោះពេល ១-២ ថ្ងៃបន្ទាប់ទៀត។

យ៉ាងណាក្តី បើយោងតាមស្ថានភាពជាក់ស្តែងរបស់គាត់និងប្រវត្តិនៃការធ្វើដំណើររបស់គាត់គឺអាជ្ញាធរថៃបានសន្និដ្ឋានថា វាមានភាគរយខ្ពស់ណាស់ដែលគាត់អាចនឹងវិជ្ជមានជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនោះ។ គួរបញ្ជាក់ថា ក្នុងអំឡុងពេលរង់ចាំមើលលទ្ធផលតេស្តរបស់ជនជាតិថៃខាងលើនេះ អាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញស្រ្តីជនជាតិថៃចំនួន ២ បានវិជ្ជមានជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងផងដែរ ដោយស្រ្តីទាំង ២នាក់នោះគឺជាអ្នកបកប្រែភាសា មានប្រវត្តិធ្វើដំំណើរទៅចូលរួមកិច្ចប្រជុំនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ហើយពួកគាត់បានមកដល់ទឹកដីថៃវិញកាលពីថ្ងៃទី ២៨ ខែវិច្ជិកា កន្លងទៅនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ National Thailand