ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរក្រុងបាងកកប្រកាសថា បានត្រៀមខ្លួនរួចរាល់ហើយដើម្បីឆ្លើយតបនឹងរលករាតត្បាតវ៉ារ្យ៉ង់អូមីក្រុង

    BY Pheakdey December 11, 2021
    អាជ្ញាធរក្រុងបាងកកប្រកាសថា បានត្រៀមខ្លួនរួចរាល់ហើយដើម្បីឆ្លើយតបនឹងរលករាតត្បាតវ៉ារ្យ៉ង់អូមីក្រុង

    ថៃ៖ អភិបាលនៃគណៈអភិបាលក្រុងបាងកក លោក Aswin Kwanmuang បានឲ្យដឹងថា ពេលនេះសាលាក្រុងបាងកកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីឆ្លើយតបទៅនឹងស្ថានភាពអាក្រក់គ្រប់រូបភាពដែលអាចបង្កឡើងដោយការរាតត្បាតនៃមេរោគជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ តាមរយៈសារលើគណនី Facebook ផ្លូវការដែលបានបង្ហោះកាលពីថ្ងៃសុក្រ ទី១០ ខែធ្នូ អភិបាលក្រុងបាងកករូបនេះបានបញ្ជាក់ថា អាជ្ញាធរក្រុងបាងកកបានត្រៀមរួចរាល់នូវគ្រែពេទ្យ ថ្នាំព្យាបាលជំងឺកូវីដ ១៩ សម្ភារៈបរិក្ខាពេទ្យ ហើយ​ក៏ត្រៀមបើកឡើងវិញចំពោះមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក និងមន្ទីរពេទ្យយោធាជាកន្លែងផងដែរ ក្នុងករណីដែលវ៉ារ្យ៉ងអូមីក្រុងបង្កឲ្យមានរលកនៃការរាតត្បាតទ្រង់ទ្រាយធំជាថ្មីម្តងទៀត។

    លោក Aswin Kwanmuang បានឲ្យដឹងផងដែរថា គិតត្រឹមពេលនេះបុគ្គលិកសុខាភិបាលជួរមុខប្រចាំនៅក្រុងបាងកកភាគច្រើនគឺសុទ្ធតែបានចាក់វ៉ាក់សាំងដូសជម្រុញរួចរាល់ ហើយពួកគេក៏តម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ​តាមរយៈឧបករណ៍តេស្តរហ័សជាប្រចាំផងដែរ ដូចនេះពួកគេក៏បានត្រៀមខ្លួនរួចរាល់ក្នុងការបំពេញភារកិច្ចប្រយុទ្ធប្រឆាំងនឹងការរាតត្បាតវ៉ារ្យ៉ង់អូមីក្រុងផដែរ។ គួររម្លឹកជូនថា មេរោគកូវីដ ១៩ ប្រភេទអូមីក្រុងបានទៅដល់ប្រទេសថៃដំបូងតាមរយៈអ្នកដំណើរជនជាតិអាមេរិកអាយុ ៣៥ឆ្នាំម្នាក់ ដែលមានប្រវត្តិធ្វើដំណើរឆ្លងកាត់ប្រទេសអេស្ប៉ាញនិងប្រទេសអារ៉ាប់រួម ហើយពេលទៅដល់ប្រទេសថៃអ្នកជំងឺរូបនេះបានធ្វើឲ្យមានការពាក់ព័ន្ធដោយប្រយោលជាមួយបុគ្គលិកសណ្ឋាគារចំនួន ៣៥នាក់ផ្សេងទៀត ខណៈពេលនេះបុគ្គលដែលមានការសង្ស័យទាំងនោះកំពុងដាក់ឲ្យធ្វើចត្តាឡីស័កក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរថៃផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

    Share This Post: