អង់គ្លេសរកឃើញករណីអ្នកទទួលមរណភាពដោយវ៉ារ្យ៉ង់អូមីក្រុងជាលើកដំបូង
អង់គ្លេស៖ កាលពីថ្ងៃចន្ទ ទី១៣ ខែធ្នូ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសអង់គ្លេសបានរកឃើញករណីមានអ្នកស្លាប់ដោយសាជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងជាលើកដំបូង នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia។ ការរកឃើញករណីមានអ្នកស្លាប់ដោយមេរោគអូមីក្រុងនេះគឺបានកើតឡើងស្របពេលដែលអាជ្ញាធរអង់គ្លេសបានផ្តើមអនុវត្តន៍ផែនការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋ និងស្របពេលដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson អញ្ជើញទៅពិនិត្យមន្ទីរពេទ្យមួយកន្លែងនៅភាគខាងលិចទីក្រុងឡុងដ៍ ដែលគេកំពុងប្រើប្រាស់ជាកន្លែងចាក់វ៉ាក់សាំងកូវីដជូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសចុះទៅពិនិត្យស្ថានភាពចាក់វ៉ាក់សាំងនៅក្នុងមន្ទីរពេទ្យនោះ លោកនាយករដ្ឋមន្ត្រី Boris Johnson បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីនៅក្នុងទីក្រុងឡុងដ៍មួយរយៈចុងក្រោយនេះគឺមានការចម្លងមេរោគអូមីក្រុងចំនួន ៤០% ហើយកំណើតដ៏ឆាប់រហ័សចំពោះវ៉ារ្យ៉ង់អូមីក្រុងនេះក៏បានបង្កើតជាការព្រួយបារម្ភមួយអំពីលទ្ធភាពនៃកាកើតមានរលកនៃការរាតត្បាតទ្រង់ទ្រាយធំជាថ្មីម្តងទៀតផងដែរ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានបន្តថា ដើម្បីការពារខ្លួនពីមេរោគបំប្លែងថ្មីដែលអាចបង្កហានិភ័យខ្ពស់នោះ ពលរដ្ឋគ្រប់រូបត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងដូសជម្រុញតាមផែនការដែលអាជ្ញាធរទើបបានដាក់ចេញនៅទូទាំងប្រទេសឲ្យបានគ្រប់ៗគ្នា៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia