ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋឥណ្ឌាមួយចំនួននាំគ្នាឈប់ពាក់ម៉ាស់នៅទីសាធារណៈ ខណៈអ្នកជំនាញព្រមានពីការរាតត្បាតកូវីដអូមីក្រុងទ្រង់ទ្រាយធំនៅក្នុងសហគមន៍

    BY Pheakdey December 14, 2021
    ពលរដ្ឋឥណ្ឌាមួយចំនួននាំគ្នាឈប់ពាក់ម៉ាស់នៅទីសាធារណៈ ខណៈអ្នកជំនាញព្រមានពីការរាតត្បាតកូវីដអូមីក្រុងទ្រង់ទ្រាយធំនៅក្នុងសហគមន៍

    ឥណ្ឌា៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌាបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហើយកាលពីថ្ងៃចន្ទ ទី១៣ ខែធ្នូ ម្សិលមិញនេះ តួលេខអ្នកកំពុងមានជំងឺសរុបបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានផងដែរ បើគិតត្រឹមរយៈពេល ១៨ ខែចុងក្រោយនេះ ដោយគិតត្រឹមពេលនេះឥណ្ឌាមានអ្នកជំងឺកូវីដ ១៩ ដែលកំពុងសម្រាកព្យាបាលក្នុងចំនួនត្រឹម ៩១,៤៥៦នាក់ប៉ុណ្ណោះ។ ដោយមើលឃើញស្ថានភាពនៃការរាតត្បាតជំងឺកូវីដ ១៩ហាក់មានភាពធូរស្រាលជាងមុនបន្តិច គេបានកត់សម្គាល់ឃើញថា ពលរដ្ឋឥណ្ឌាជាច្រើនបាននាំគ្នាឈប់ពាក់ម៉ាស់ទៀតហើយក្នុងពេលដែលពួកគាត់ត្រូវចេញទៅទីសាធារណៈ។

    ជាងនេះទៅទៀតពលរដ្ឋមួយចំនួនបានត្រលប់មកអនុវត្តទម្លាប់ចាស់ជាធម្មតាវិញហើយ នោះគឺការជួបជុំជជែកគ្នាក្នុងចំណោមមនុស្សច្រើនដោយមិនមានការពាក់ម៉ាស់និងរក្សាគម្លាតពីគ្នានោះទេ។ ឆ្លើយតបទៅនឹងបញ្ហានេះ លោក Vinod Kumar Paul ដែលជាមន្ត្រីសុខាភិបាលជាន់ខ្ពស់ឥណ្ឌាមួយរូបបានព្រមានថា ពលរដ្ឋឥណ្ឌាហាក់ឆាប់ភ្លេចខ្លួនពីជំងឺកូវីដ ១៩ លឿនពេក ហើយភាពឆកល្វែងនេះអាចបង្កឲ្យមានរលកនៃការរាត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងទ្រង់ទ្រាយធំនៅក្នុងសហគមន៍ផងដែរ។ មន្ត្រីសុខាភិបាលជាន់ខ្ពស់រូបនេះបានបន្តថា ដរាបណាមេរោគនៃជំងឺកូវីដ ១៩ នៅតែបន្តបំប្លែងខ្លួនជាទម្រង់មេរោគថ្មី ពលរដ្ឋគ្រប់រូបត្រូវបន្តការពារខ្លួនតាមរយៈការពាក់ម៉ាស់ ចាក់វ៉ាក់សាំង និងរក្សាគម្លាតសង្គមឲ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះឥណ្ឌាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងចំនួន ៣៦ករណីហើយ ដោយក្នុងនោះមានទាំងពលរដ្ឋនៅក្នុងសហគមន៍និងអ្នកដំណើរមកពីបរទេសផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

     

    Share This Post: