ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិង្ហបុរីពន្លឿនការចាក់វ៉ាក់សាំងដូសជម្រុញជូនពលរដ្ឋខ្លួន ដើម្បីបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគអូមីក្រុង

    BY Pheakdey December 15, 2021
    សិង្ហបុរីពន្លឿនការចាក់វ៉ាក់សាំងដូសជម្រុញជូនពលរដ្ឋខ្លួន ដើម្បីបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគអូមីក្រុង

    សិង្ហបុរី៖ ក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរីបានឲ្យដឹងកាលពីថ្ងៃ អង្គារ ទី១៤ ខែធ្នូ ម្សិលមិញនេះថា អាជ្ញាធរសិង្ហបុរីនឹងពន្លឿនការចាក់វ៉ាក់សាំងដូសជម្រុញជូនពលរដ្ឋខ្លួនឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន ដើម្បីបង្កើតប្រព័ន្ធភាពស៊ាំសម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ការសម្រេចពន្លឿនការចាក់វ៉ាក់សាំងដូសជម្រុញនេះត្រូវបានធ្វើឡើងក្រោយមានការសិក្សាជាបឋមមួយចំនួននៅបរទេសបានបង្ហាញថា វ៉ាក់សាំងដូសជម្រុញគឺមានប្រសិទ្ធភាពប្រឆាំងនឹងអូមីក្រុងបាន ពោលគឺអាចការពារមិនឲ្យអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ។

    គួររម្លឹកថា គិតត្រឹមពេលនេះសិង្ហបុរីបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ អូមីក្រុងចំនួន ១៦នាក់ហើយ ដោយក្នុងនោះមាន ១៤នាក់គឺជាករណីនាំចូលពីបរទេស និង ២នាក់ផ្សេងទៀតគឺជាករណីឆ្លងនៅក្នុងសហគមន៍។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ អូមីក្រុងទាំង ១៦នោះ គឺពេលនេះមាន ៣នាក់បានជាសះស្បើយនិងត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះជាធម្មតាវិញហើយ ខណៈ ១៣នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលដាច់ដោយឡែកនៅឯមជ្ឈមណ្ឌលជាតិប្រឆាំងនឹងជំងឺឆ្លង។ គួរបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលសិង្ហបុរីអាចសម្រេចការចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូសជូនពលរដ្ឋបាន ៨៣% និង ១០%បានចាក់រហូតដល់ដូសជម្រុញ ខណៈសិង្ហបុរីមានពលរដ្ឋសរុបចំនួន ៥,៦ លាននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: