ការសិក្សាមួយនៅហុងកុងបង្ហាញថា មេរោគបំប្លែងថ្មី អូមីក្រុងអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ បានយ៉ាងលឿន ក្នុងកម្រិតខ្ពស់មួយ
ការសិក្សាមួយបានបង្ហាញថា មេរោគកូវីដ ១៩ បំប្លែងថ្មី អូមីក្រុងអាចរស់នៅនិងបំប្លែងខ្លួននៅលើជាលិកាក្នុងប្រព័ន្ធដង្ហើមរបស់មនុស្ស ខុសពីមេរោគកូវីដ ១៩ ផ្សេងទៀតដែលអាចរស់នៅនិងបំប្លែងខ្លួនលុះត្រាតែវាបានចូលទៅដល់ក្នុងសួតមនុស្ស។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាកលវិទ្យាល័យ Hong Kong ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត Chan Chi-wai ហើយលទ្ធផលនៃការសិក្សាខាងលើនេះត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ខែធ្នូនេះ។

លទ្ធផលនៃការសិក្សាជារួមបានបង្ហាញថា មេរោគអូមីក្រុងរស់នៅលើជាលិកានៃប្រព័ន្ធដង្ហើមមនុស្សហើយនៅទីនោះវាអាចបំប្លែងខ្លួនបានរហូតដល់ ៧០ដង ដែលកត្តានេះហើយទើបធ្វើឲ្យមេរោគអូមីក្រុងមានសមត្ថភាពអាចចម្លងបានលឿនជាងមេរោគកូវីដ ១៩ផ្សេងទៀត ដែលអាចរស់នៅបានតែក្នុងសួតរបស់មនុស្ស។ របាយការណ៍នៃការសិក្សាបានបង្ហាញទៀតថា នៅពេលអូមីក្រុងធ្លាក់ចូលទៅដល់ក្នុងសួតរបស់មនុស្សគឺសមត្ថភាពនៃការចម្លងរបស់វាថយចុះ ពោលគឺចម្លងយឺតជាងមុនរហូតដល់ ១០ដង ដែលកត្តានេះហើយទើបអូមីក្រុងមិនបង្កឲ្យអ្នកជំងឺកូវីដ ១៩ មានរោគសញ្ញាធ្ងន់ធ្ងរនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia