លោក ចូ បៃឌិន ព្រមានថា នៅក្នុងរដូវរងាខាងមុខនេះអូមីក្រុងនឹងរាតត្បាតខ្លាំងហើយបង្កហានិភ័យខ្ពស់ចំពោះពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ម្សិលមិញថា មេរោគនៃជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនឹងបន្តរាតត្បាតយ៉ាងឆាប់រហ័សនៅក្នុងសហរដ្ឋអាមេរិក ហើយសម្រាប់នៅក្នុងរដូវរងាខាងមុខនេះពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងនឹងត្រូវប្រឈមហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងមេរោគហើយបង្កឲ្យមានជំងឺធ្ងន់ធ្ងរឬរហូតដល់ស្លាប់តែម្តង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា សេចក្តីព្រមានរបស់លោកប្រធានាធិបតីអាមេរិកខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗ ក្រោយពីគាត់់ទទួលបានរបាយការណ៍ចុងក្រោយមួយស្តីពីការរាតត្បាតជំងឺកូវីដ ១៩ នៅអាមេរិកពីសំណាក់ក្រុមទីប្រឹក្សាសុខភាពជាន់ខ្ពស់ជាច្រើននាក់ ដែលបានធ្វើការងារយ៉ាងយកចិត្តទុកដាក់បំផុតជុំវិញការវិវឌ្ឍន៍របស់មេរោគអូមីក្រុង។

បើតាមលោកប្រធានាធិបតី ចូ បៃឌិន បានបញ្ជាក់ថា គិតត្រឹមពេលនេះមេរោគនៃជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងបានបន្តរាតត្បាតនៅក្នុងរដ្ឋចំនួន ៣៦ហើយក្នុងសហរដ្ឋអាមេរិក តែពុំទាន់មានករណីអ្នកស្លាប់ដោអូមីក្រុងនៅឡើយទេ។ យ៉ាងណាក្តី លោកប្រធានាធិបតីរូបនេះបានសង្កត់ធ្ងន់ថា ករណីស្លាប់ដោយអូមីក្រុងអាចនឹងកើតមានក្នុងចំណោមពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងនៅក្នុងអំឡុងពេលនៃរដូវរងាខាងមុខនេះ។ ទន្ទឹមនឹងធ្វើសេចក្តីព្រមានខាងលើនេះ លោក ចូ បៃឌិន បានអំពាវនាវឲ្យពលរដ្ឋអាមេរិកគ្រប់រូបប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ហើយចំពោះអ្នកដែលបានចាក់ចំនួន ២ដូសរួចហើយក៏ត្រូវប្រញាប់ទៅចាក់ដូសជម្រុញផងដែរ ទើបអាចការពារខ្លួនពីមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងបាន៕

អត្ថបទ៖ ភក្តី
ប្រភព៖Channel News Asia