របាយការណ៍មួយបង្ហាញថា ពលរដ្ឋហ្វីលីពីនជិត ៤លាននាក់ត្រូវធ្លាក់ខ្លួនក្រព្រោះវិបត្តិនៃជំងឺកូវីដ ១៩
ហ្វីលីពីន៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា វិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យពលរដ្ឋហ្វីលីពីនជិត ៤លាននាក់ធ្លាក់ខ្លួនក្របើគិតត្រឹមពាក់កណ្តាលឆ្នាំ ២០២១ នេះ ហើយមូលហេតុដែលជម្រុញឲ្យមានភាពក្រីក្រគឺដោយសាពលរដ្ឋទាំងនោះត្រូវបាត់បង់ការងារក្នុងអំឡុងពេលបិទខ្ទប់ប្រទេសនិងដោយសាតម្រូវការក្នុងស្រុកមានការធ្លាក់ចុះ។ ការចុះផ្សាយរបស់បណ្តាញសារព័ត៌មានខាងលើនេះត្រូវបានធ្វើឡើងដោយផ្អែកទៅតាមរបាយការណ៍របស់រដ្ឋាភិបាលហ្វីលីពីនដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៧ ខែធ្នូ ដោយរបាយការណ៍នោះគឺជាលទ្ធផលនៃការសិក្សាអំពីកម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលហ្វីលីពីនតែងធ្វើជាប្រចាំរៀងរាល់ ៣ឆ្នាំម្តង។

ស្ថិតិជាក់ស្តែងនៅក្នុងរបាយការណ៍បានបង្ហាញថា នៅក្នុងឆ្នាំ ២០១៨ ប្រជាពលរដ្ឋហ្វីលីពីនដែលត្រូវរស់នៅក្រោមជីវភាពក្រីកមានចំនួន ២១,១ % តែលទ្ធផលនៃការសិក្សាដោយគិតត្រឹមពាក់កណ្តាលនៃឆ្នាំ ២០២១នេះគឺចំនួនពលរដ្ឋក្រីក្របានកើនឡើងរហូតដល់ ២៣,៧% ហើយបើគិតជាចំនួនពលរដ្ឋជាក់ស្តែងគឺមានប្រមាណជា ៣,៩ លាននាក់។ នៅក្នុងរបាយការណ៍របស់រដ្ឋាភិបាលហ្វីលីពីនក៏បានបង្ហាញដែរថា ក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២០២១ នេះ គឺគ្រួសារមួយដែលមានសមាជិកចំនួន ៥នាក់ អាចរកប្រាក់ចំណូលប្រចាំខែជាមធ្យមត្រឹម ១២ ០៨២ ប៉េសូ (២៤០ ដុល្លារ) ប៉ុណ្ណោះក្នុងមួយខែ ដែលទំហំប្រាក់ចំណូលនេះមានការធ្លាក់ចុះច្រើនផងដែរ បើធៀបទៅនឹងរយៈពេលដែលមិនទាន់មានការរាតត្បាតជំងឺកូវីដ ១៩៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia