ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃរកឃើញករណីឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង នៅក្នុងសហគមន៍ជាលើកដំបូង

    BY Pheakdey December 21, 2021
    ថៃរកឃើញករណីឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង នៅក្នុងសហគមន៍ជាលើកដំបូង

    ថៃ៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា មេរោគកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងបានរាតត្បាតដល់ក្នុងសហគមន៍ថៃជាលើកដំបូងហើយ នេះបើគិតត្រឹមថ្ងៃចន្ទ ទី២០ ខែធ្នូ ម្សិលមិញនេះ។ ករណីឆ្លងមេរោគអូមីក្រុងក្នុងសហគមន៍លើកទី ១នោះគឺត្រូវបានរកឃើញចំពោះស្ត្រីជនជាតិថៃម្នាក់ដោយគាត់បានឆ្លងពីប្តីរបស់គាត់ជាបុរសជនជាតិកូឡុំប៊ី ដែលបានធ្វើដំណើរចេញពីប្រទេសនីហ្សេរីយ៉ាមកកាន់ប្រទេសថៃកាលពីចុងខែវិច្ឆិកាកន្លងទៅនេះ។

    បើតាមលោក Chakrarat Pittayawonganon ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងសរុបចំនួន ៦៣ករណីដោយក្នុងនោះមាន ១ករណីជាការចម្លងនៅក្នុងសហគមន៍ ខណៈពេលនេះគេក៏កំពុងរង់ចាំមើលលទ្ធផលតេស្តរបស់ក្រុមមនុស្សដែលមានការសង្ស័យខ្ពស់ចំនួន ២០នាក់ផ្សេងទៀតផងដែរ។ លោក Chakrarat Pittayawonganon បានបញ្ជាក់ផងដែរថា ក្រោយរកឃើញករណីចម្លងមេរោគអូមីក្រុងនៅក្នុងសហគមន៍ជាលើកដំបូងនេះ អាជ្ញាធរថៃក៏កំពុងពិចារណាក្នុងការអនុវត្តវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិជាធម្មតាវិញផងដែរ ដ្បិតក្នុងពេលនេះតាមរយៈកម្មវិធី “Sandbox” គឺមានអ្នកទេសចរណ៍អន្តរជាតិមួយចំនួនត្រូវបានលើកលែងការធ្វើចត្តាឡីស័កក្រោយពេលទៅដល់ប្រទេសថៃភ្លាម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia 

    Share This Post: