ឥណ្ឌារកឃើញអ្នកឆ្លងកូវីដអូមីក្រុង ២០០នាក់នៅក្នុងរដ្ឋចំនួន ១២ផ្សេងគ្នា
ឥណ្ឌា៖ ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងចំនួន ២០០នាក់នៅក្នុងថ្ងៃអង្គារ ទី២១ ខែធ្នូម្សិលមិញនេះ ហើយករណីវិជ្ជមានអូមីក្រុងទាំងអស់នោះត្រូវបានរកឃើញនៅក្នុងរដ្ឋចំនួន ១២ ផ្សេងគ្នា ដែលភាគច្រើនគឺរដ្ឋស្ថិតនៅតំបន់ភាគខាងលិចនៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ ១៩ អូមីក្រុងបានកើនឡើងទ្វេរដងបើគិតក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះ តែយ៉ាងណាក្តីគិតរហូតមកទល់នឹងពេលនេះអាជ្ញាធរឥណ្ឌាពុំទាន់រកឃើញករណីមានអ្នកស្លាប់ដោយសាមេរោគអូមីក្រុងនៅឡើយទេ។

បើតាមលោក Mansukh Mandaviya ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា ៨០%នៃអ្នកឆ្លងកូវីដ ១៩ អូមីក្រុងនៅក្នុងប្រទេសឥណ្ឌាគឺគ្មានរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយអ្នកជំងឺទាំងអស់នោះសុទ្ធតែជាអ្នកបានចាក់វ៉ាក់សាំងរួចរាល់ ខណៈអ្នកខ្លះគឺអ្នកដែលទើបជាសះស្បើយពីជំងឺកូវីដ ១៩ ផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះឥណ្ឌាបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩រួចរាល់ចំនួន ២ដូសជូនពលរដ្ឋខ្លួនបានចំនួន ៣៩,៥% ក្នុងចំណោមពលរដ្ឋគោលដៅចំនួន ៩៤៤លាននាក់។ ដោយឡែកចំពោះករណីឆ្លងកូវីដ ១៩វិញគឺឥណ្ឌាមានតួលេខអ្នកឆ្លងប្រចាំថ្ងៃជាមធ្យម ៦-៧ពាន់នាក់ក្នុងមួយថ្ងៃបើគិតត្រឹមរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ខណៈចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌាមានជាង ៣៤លានាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia