ថៃរកឃើញករណីឆ្លងអូមីក្រុងក្នុងសហគមន៍ជាលើកដំបូង ខណៈករណីឆ្លងអូមីក្រុងសរុបកើនដល់ជាង ២០០នាក់
ថៃ៖ កាលពីថ្ងៃសុក្រ ទី២៤ ខែធ្នូ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងនៅក្នុងសហគមន៍ជាលើកដំបូង នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia។ បើតាមលោក Apisamai Srirangsan ដែលជាអ្នកនាំពាក្យចំពោះកិច្ចការជំងឺកូវីដ ១៩ របស់អាជ្ញាធរថៃបានបញ្ជាក់ថា ករណីដំបូងនៃការឆ្លងមេរោគអូមីក្រុងនៅក្នុងសហគមន៍នោះត្រូវបានរកឃើញនៅក្នុងខ្លួនប្តីប្រពន្ធ ២នាក់រស់នៅក្នុងខេត្ត Kalasin ភាគខាងជើងប្រទេសថៃ ខណៈអ្នកពាក់ព័ន្ធដោយផ្ទាល់ក្នុងករណីនេះមានចំនួន ២១ នាក់ផ្សេងទៀតផងដែរ។

លោក Apisamai Srirangsan បានបន្តថា ប្តីប្រពន្ធ ២នាក់នោះបានធ្វើដំណើរមកពីប្រទេសបែលហ្សិកកាលពីថ្ងៃទី ១៥ ខែធ្នូកន្លងទៅ ហើយពេលមកដល់ប្រទេសថៃភ្លាមពួកគាត់បានធ្វើតេស្តអវិជ្ជមានកូវីដ ១៩ ដូចនេះអាជ្ញាធរថៃបានអនុញ្ញាតឲ្យពួកគាត់ធ្វើដំណើរក្នុងប្រទេសថៃបានជាធម្មតាក្នុងរយៈពេលជិត ១០ថ្ងៃកន្លងមកនេះ។ សម្រាប់ក្រុមអ្នកជំនាញបានមើលឃើញថា ករណីចម្លងមេរោគអូមីក្រុងនៅក្នុងសហគមន៍នេះអាចមានការពាក់ព័ន្ធដោយប្រយោលក្នុងចំណោមមនុស្សជាច្រើននាក់ផ្សេងទៀតផងដែរ ហើយបើអាជ្ញាធរមិនអាចគ្រប់គ្រងការចម្លងបន្តឲ្យបានទាន់ពេលវេលានោះទេគឺរលកនៃការរាតត្បាតទ្រង់ទ្រាយធំអាចនឹងកើតមានជាមិនខាន។ គួរបញ្ជាក់ជូនថា ព្រោះតែមានការព្រួយបារម្ភអំពីការរាតត្បាតមេរោគអូមីក្រុង សាលាក្រុងបាងកកកាលពីប៉ុន្មានថ្ងៃមុននេះបានសម្រេចលុបចោលកម្មវិធីអបអរបុណ្យឆ្លងឆ្នាំធំៗជាច្រើន តែអនុញ្ញាតឲ្យវិស័យឯកជនអាចបន្តរៀបចំកម្មវិធីអបអរទ្រង់ទ្រាយតូចបានដោយត្រូវអនុវត្តវិធានការទប់ស្កាត់ការចម្លងកូវីដ ១៩ ឲ្យបានតឹងរឹងបំផុត។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះថៃបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ អូមីក្រុងចំនួន ២០៥នាក់ ខណៈករណីអ្នកឆ្លងសរុបមានចំនួនជាង ២,២ លាននាក់ និងស្លាប់សរុបជាង ២ម៉ឺននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia