ប្រទេសអូស្រ្តាលីបានរកឃើញករណីអ្នកទទួលមរណភាពដោយមេរោគអូមីក្រុងជាលើកដំបូង
អូស្រ្តាលី៖ នៅក្នុងថ្ងៃចន្ទ ទី២៧ ខែធ្នូនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសអូស្ត្រាលីបានប្រកាសពីការរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia។ អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិតនោះជាបុរសវ័យចំណាស់ម្នាក់មានអាយុជាង ៨០ឆ្នាំ រស់នៅក្នុងរដ្ឋ New South Wales ហើយរូបគាត់ក៏ជាអ្នកមានជំងឺប្រចាំកាយមួយចំនួនផងដែរមុនពេលបានឆ្លងជំងឺកូវីដ ១៩។

ប្រភពខាងលើបានបញ្ជាក់ថា បើទោះជាបានរកឃើញអ្នកស្លាប់ដោយសាមេរោគអូមីក្រុងជាលើកដំបូងក៏ពិតមែន តែអាជ្ញាធរអូស្រ្តាលីមិនបានដាក់ចេញនូវវិធាការតឹងរឹងណាមួយបន្ថែមទៀតនោះទេ ដ្បិតអាជ្ញាធរយល់ឃើញថាករណីឆ្លងនិងស្លាប់ដោយសាអូមីក្រុងនៅមានកម្រិតតិចតួចនៅឡើយ។ គួរបញ្ជាក់ជូនថា សម្រាប់របាយការណ៍នៅក្នុងថ្ងៃចន្ទ ទី២៧ ខែធ្នូនេះ អូស្រ្តាលីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៩,១២៣ នាក់ និងស្លាប់ចំនួន ៦ នាក់ ក្នុងនោះមានម្នាក់ជាករណីឆ្លងអូមីក្រុង ខណៈគិតត្រឹមពេលនេះតួលេខអ្នកឆ្លងសរុបនៅអូស្រ្តាលីមានចំនួនជាង ៣១ម៉ឺននាក់ និងស្លាប់សរុបជាង ២ពាន់នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia