អ៊ីស្រាអែលចាប់ផ្តើមសាកល្បងចាក់វ៉ាក់សាំងបង្ការកូវីដដូសទី៤ លើក្រុមពេទ្យជួរមុខ
អ៊ីស្រាអែល៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី ៤ ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃចន្ទ ទី២៧ ខែធ្នូម្សិលមិញនេះ។ ការចាក់វ៉ាក់សាំងកូវីដដូសទី៤ នេះគឺជាការចាក់សាកល្បងនៅក្នុងចំណោមបុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យមួយចំនួន ហើយគេនឹងត្រូវការរយៈពេល ២សប្តាហ៍ដើម្បីសិក្សាអំពីផលប៉ះពាល់ផ្សេងៗនៃការចាក់សាកល្បងនេះមុននឹងសម្រេចចាក់ជូនប្រជាពលរដ្ឋទូទៅ។

បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសអ៊ីស្រាអែលបានបង្ហាញនូវក្តីរំពឹងខ្ពស់ថា អ៊ីស្រាអែលនឹងក្លាយជាប្រទេសដំបូងគេបង្អស់ដែលអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី ៤ ជូនប្រជាពលរដ្ឋខ្លួន ហើយវ៉ាក់សាំងដូសទី៤ នេះនឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងល្អសម្រាប់ប្រឆាំងនឹងមេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ បើគ្មានអ្វីជាឧបសគ្គទេគឺជាអាជ្ញាធរសុខាភិបាលនឹងផ្តើមចាក់វ៉ាក់សាំងដូសទី ៤ ជូនក្រុមបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេសមុនគេ បន្ទាប់មកចាក់ជូនពលរដ្ឋវ័យចំណាស់ដែលមានអាយុលើសពី ៦០ឆ្នាំឡើងទៅឬអ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ ហើយបន្ទាប់មកទៀតទើបបន្តចាក់ជូនប្រជាពលរដ្ឋពេញវ័យដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះក្រសួងសុខាភិបាលអ៊ីស្រាអែលនៅមិនទាន់សម្រេចជាផ្លូវការចំំពោះយុទ្ធនាការចាក់វ៉ាក់សាំងដូសទី ៤ នៅឡើយទេ ដោយគេរង់ចាំមើលលទ្ធផលនៃការចាក់សាកល្បងជាមុនសិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia