អ្នកជំនាញម្នាក់បានព្យាករណ៍ថា អូមីក្រុងនឹងផ្ទុះការរាតត្បាតទ្រង់ទ្រាយធំនៅប្រទេសថៃហើយពលរដ្ឋថៃស្ទើរតែគ្រប់រូបអាចនឹងឆ្លងមេរោគមួយនេះ
ថៃ៖ អ្នកជំនាញផ្នែកជំងឺឆ្លងម្នាក់បានបានព្យាករណ៍ថា ការរាតត្បាតនៃជំងឺកូវីដ ១៩ប្រភេទអូមីក្រុងនឹងផ្ទុះឡើងទ្រង់ទ្រាយធំនៅក្នុងប្រទេសថៃ ដែលធ្វើឲ្យពលរដ្ឋថៃស្ទើរតែគ្រប់រូបនឹងត្រូវឆ្លងមេរោគបំប្លែងខ្លួនថ្មីមួយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand បានឲ្យដឹងថា អ្នកជំនាញដែលបានធ្វើការព្យាករណ៍ខាងលើនេះគឺលោកវេជ្ជបណ្ឌិត Teerawat Hemachuta ប្រធានមជ្ឈមណ្ឌលព័ត៌មានសម្រាប់ជំងឺឆ្លងដែលកំពុងកើតមាននាពេលបច្ចុប្បន្ននៃសាកលវិទ្យាល័យជូឡាឡុងកន ហើយការអះអាងរបស់លោកគឺត្រូវបានធ្វើឡើងតាមរយៈសារដែលបង្ហោះលើគណនី Facebook ផ្លូវការរបស់គាត់កាលពីថ្ងៃអង្គារ ទី២៨ ខែធ្នូ ម្សិលមិញនេះ។

តាមរយៈខ្លឹមសារដែលត្រូវបានបង្ហោះជាសាធារណៈនោះ លោកវេជ្ជបណ្ឌិត Teerawat Hemachuta បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនសម្រាប់គាំទ្រការព្យាករណ៍របស់គាត់ដែលមានដូចជា៖
-ប្រសិទ្ធភាពរបស់វ៉ាក់សាំងនឹងធ្លាក់ចុះ ៤០% ក្នុងរយៈពេល ៣ខែ បើទោះជាវ៉ាក់សាំងនោះជាប្រភេទវ៉ាក់សាំងដែលមានប្រសិទ្ធខ្ពស់ដូចជាវ៉ាក់សាំងប្រភេទ Pfizer ឬ Moderna ក៏ដោយ។
-អ្នកដែលមិនបានទៅចាក់វ៉ាក់សាំងនឹងក្លាយជាក្រុមមនុស្សដែលងាយឆ្លងមេរោគអូមីក្រុងមុនគេបង្អស់។
-ប្រសិនបើគ្មានវ៉ាក់សាំងដូសជម្រុញទេ ករណីរាតត្បាតជំងឺកូវីដ ១៩ អូមីក្រុងនៅក្នុងប្រទេសថៃនឹងកើនឡើងយ៉ាងឆាប់រហ័សពី ១០,០០០ ទៅ ១០០,០០០ ឬអាចដល់ខ្ទង់ ១,០០០,០០០ ហើយការចម្លងនេះនឹងកើតមានទាំងក្នុងចំណោមពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួច និងក្រុមពលរដ្ឋដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។
-មេរោគអូមីក្រុងនឹងមិនបង្កឲ្យមានរោគសញ្ញាធ្ងន់ធ្ងរនោះទេក្នុងចំណោមពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការរួច និងក្រុមពលរដ្ឋដែលធ្លាប់បានកើតជំងឺកូវីដ ១៩ រួចម្តងហើយ តែសម្រាប់ក្រុមពលរដ្ឋដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយគឺត្រូវប្រឈមនឹងកើតមានរោគសញ្ញាធ្ងន់ធ្ងរ។
-ជម្រើសដ៏ល្អបំផុតដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើនេះគឺការចាក់វ៉ាក់សាំងបង្ការឲ្យបានគ្រប់ៗគ្នា និងព្យាយាមអនុវត្តវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា៕

លោកវេជ្ជបណ្ឌិត Teerawat Hemachuta
អត្ថបទ៖ ភក្តី
ប្រភព៖ National Thailand