ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO បញ្ជាក់ជាថ្មីថា ហានិភ័យដែលបង្កឡើងដោយវ៉ារ្យ៉ង់អូមីក្រុងនៅតែមាន “កម្រិតខ្ពស់”

    BY Pheakdey December 29, 2021
    WHO បញ្ជាក់ជាថ្មីថា ហានិភ័យដែលបង្កឡើងដោយវ៉ារ្យ៉ង់អូមីក្រុងនៅតែមាន “កម្រិតខ្ពស់”

    អង្គការសុខភាពពិភពលោក (WHO) កាលពីព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូនេះ បានឲ្យដឹងថា​ ហានិភ័យដែលបង្កឡើងដោយមេរោគនៃជំងឺកូវីដ ១៩បំប្លែងខ្លួនប្រភេទអូមីក្រុងនៅមតែមាន “កម្រិតខ្ពស់” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ការថ្លែងរបស់អង្គការសុខភាពពិភពលោកដូចខាងលើនេះត្រូវបានធ្វើឡើងដោយផ្អែកលើរបាយការណ៍ចុងក្រោយមួយស្តីពីការរាតត្បាតមេរោគអូមីក្រុងដែលបង្ហាញថា កាលពីសប្តាហ៍មុននេះតួលេខអ្នកឆ្លងមេរោគអូមីក្រុងបានកើនដល់ ១១% នៃចំនួនអ្នកឆ្លងសរុបនៅទូទាំងពិភពលោក ដែលវាជាការកើនឡើងយ៉ាងឆាប់រហ័សបំផុតមួយបើធៀបទៅនឹងការរាតត្បាតមេរោគផ្សេងៗទៀត។

    អង្គការសុខភាពពិភពលោកបានបន្តថា ឥទ្ធិពលរបស់វ៉ារ្យ៉ង់អូមីក្រុងគឺជាហេតុផលចម្បងដែលធ្វើឲ្យប្រទេសមួយចំនួននៅតែមានការរាតត្បាតជំងឺកូវីដ​១៩ កម្រិតខ្ពស់​ ហើយក្នុងនោះក៏មានប្រទេសមួយចំនួនគឺជាប្រទេសដែលធ្លាប់មានបទពិសោធន៍យកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ ១៩ ប្រភេទ Delta ផងដែរ។ គួរម្លឹកថា នាពេលកន្លងមកមានការសិក្សាជាច្រើនសុទ្ធតែបង្ហាញលទ្ធផលថា វ៉ារ្យ៉ង់អូមីក្រុងពិតជាសមត្ថភាពអាចចម្លងបានលឿនជាងមេរោគប្រភេទផ្សេងៗទាំងអស់ ទោះជាក្នុងចំណោមពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចហើយក៏ដោយ។  បើទោះជាគេមិនទាន់រកឃើញច្បាស់ថា មេរោគអូមីក្រុងអាចបង្ករគ្រោះថ្នាក់ចំពោះសុខភាពក្នុងកម្រិតជាក់លាក់ណាមួយក៏ដោយ តែវត្តមានរបស់មេរោគអូមីក្រុងបានកើតឡើងស្របពេលដែលប្រសិទ្ធភាពវ៉ាក់សាំងក្នុងខ្លួនពលរដ្ឋជាច្រើនបានផ្តើមថយចុះរួចទៅហើយ ដែលបញ្ហានេះក៏ជាកត្តាគួរឲ្យព្រួយបារម្ភមួយផងដែរ ប្រសិនបើគេគ្មានវ៉ាក់សាំងដូសជម្រុញសម្រាប់ចាក់បន្ថែមនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: