ពលរដ្ឋចិនមួយចំនួនក្នុងទីក្រុង Xi’an កំពុងប្រឈមបញ្ហាខ្វះខាតអាហារក្រោយអាជ្ញាធរបិទខ្ទប់ជាងមួយសប្តាហ៍មកនេះ
ចិន៖ អាជ្ញាធរចិនបានឲ្យដឹងកាលពីថ្ងៃពុធ ទី២៩ ខែធ្នូ ម្សិលមិញនេះថា ខាងអាជ្ញាធរពិតជាមានបញ្ហាក្នុងក្នុងផ្គត់ផ្គង់ស្បៀងអាហារទៅកាន់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងមួយដែលបានបិទខ្ទប់ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ តែភាពឆកល្វែងនោះបានកើតឡើងចំពោះប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះមិនមែនទូទាំងទីក្រុងនោះទេ។ ការបញ្ជាក់របស់អាជ្ញាធរចិនខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗ ក្រោយមានប្រជាពលរដ្ឋក្នុងទីក្រុង Xi’an មួយចំនួនបានបង្ហោះសារតាមបណ្តាញសង្គមថា ពួកគេកំពុងខ្វះខាតស្បៀងអាហារនិងកំពុងត្រូវការជំនួយយ៉ាងខ្លាំងព្រោះតែវិធានការបិទខ្ទប់ទីក្រុងរបស់អាជ្ញាធរចិន។

គួររម្លឹកជូនថា ទីក្រុង Xi’an ដែលមានប្រជាពលរដ្ឋកំពុងរស់នៅប្រមាណជា ១៣នាក់ ត្រូវបានអាជ្ញាធរចិនសម្រេចបិទខ្ទប់ជាងមួយសប្តាហ៍មកហើយ បន្ទាប់ពីទីក្រុងមួយនេះបានផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។ គិតត្រឹមរយៈពេលចុងក្រោយនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងទីក្រុង Xi’an បានកើនដល់ជាង ៩៦០នាក់ ដែលជាតួលេខដ៏ច្រើនមួយបើធៀបទៅនឹងតំបន់ផ្សេងៗទៀតក្នុងប្រទេសចិន។ គួរបញ្ជាក់ជូនផងដែរថា អាជ្ញាធរបានសម្រេចអនុវត្តផែនការទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ ឲ្យស្ថិតនៅកម្រិតសូន្យ ដូចនេះហើយបើទោះចិនបានរកឃើញចំនួនអ្នកឆ្លងថ្មីមិនច្រើនដូចបណ្តាប្រទេសផ្សេងៗក៏ដោយក៏អាជ្ញាធរចិនត្រូវតែអនុវត្តវិធានការតឹងរឹង ឬឈានដល់ការបិទខ្ទប់តែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia