កូនប្រុសម្នាក់គំរាមដុតផ្ទះចោលដើម្បីឲ្យឪពុកទិញប៊ឺហ្គឺឲ្យគាត់ញ៉ាំ ហើយលទ្ធផលចុងក្រោយត្រូវជាប់គុក ៥ខែ
ម៉ាឡេស៊ី៖ បុរសជនជាតិម៉ាឡេស៊ីដែលជាអ្នកញៀននឹងការញ៉ាំប៊ឺហ្គឺម្នាក់បានគំរាមដុតផ្ទះចោល ប្រសិនបើឪពុករបស់គាត់មិនព្រមទិញប៊ឺហ្គឺឲ្យគាត់ញ៉ាំនោះទេ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា បុរសដែលប្រុងនឹងដុតផ្ទះចោលព្រោះតែនំប៊ឺហ្គឺមួយដុំរូបនេះមានឈ្មោះថា Adib អាយុ ២៩ ឆ្នាំ ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Batu Caves ភាគខាងជើងប្រទេសម៉ាឡេស៊ី កាលពីយប់ថ្ងៃទី ២៧ ខែធ្នូ កន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងយប់កើតហេតុនោះលោក Adib បានតេទៅឪពុកដែលកំពុងចេញទៅទិញអាហារនៅខាងក្រៅឲ្យទិញប៊ឺហ្គឺផ្ញើគាត់មួយដុំ តែបុរសជាឪពុកបានបដិសេដដោយគាត់គិតថា ការញ៉ាំអាហារប្រភេទនេះច្រើនមិនសូវល្អសម្រាប់សុខភាពនោះទេ ហើយតម្លៃរបស់វាក៏ថ្លៃបន្តិចដែរបើធៀបនឹងការទិញម្ហូបមកញ៉ាំបាយជុំគ្នាជាមួយកូន។

យ៉ាងណាក្តី ការបដិសេដនេះបានធ្វើឲ្យបុរសជាកូនខឹងយ៉ាងខ្លាំងរហូតហ៊ានគំរាមដុតផ្ទះចោលតែម្តង ហើយរឿងរ៉ាវចម្រូងចម្រាសនេះក៏បន្តដោះស្រាយដល់អាជ្ញាធរផងដែរ។ ក្រោយការសាកសួររបស់អាជ្ញាធរម៉ាឡេស៊ីគេបានដឹងថា លោក Adib ជាអ្នករកស៊ីតូចតាចម្នាក់ដែលមានប្រាក់ចំណូលប្រមាណជា ១,០០០ រីងហ្គីត (២៣០ ដុល្លារអាមេរិក) ក្នុងមួយខែ ហើយទំហំប្រាក់ចំណូលនេះមិនអាចធ្វើឲ្យគាត់មានលទ្ធទិញប៊ីហ្គឺពីហាងទំនើបៗមកញ៉ាំជាប្រចាំនោះទេ។ អាជ្ញាធរម៉ាឡេស៊ីបានរកឃើញទៀតថា លោក Adib តែងរករឿងនិងគំរាមកំហែងឪពុកជាញឹកញាប់រាល់ពេលដែលគាត់ចង់បានអ្វីមួយតែមិនអាចបានដូចចិត្ត ហើយតាមរយៈសកម្មភាពខុសឆ្គងទាំងអស់នេះ អាជ្ញាធរម៉ាឡេស៊ីក៏បានសម្រេចឃុំខ្លួនគាត់ចំនួន ៥ខែ ដើម្បីទុកជាការអប់រំកុំឲ្យគាត់ហ៊ានធ្វើបាបឪពុកទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz