ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ស៊ីឈ្មួលចាក់វ៉ាក់សាំងកូវីដជំនួសគេជាថ្នូរនឹងប្រាក់ជិត ៦០ដុល្លារសម្រាប់ការចាក់មួយដូស ខណៈរូបគាត់បានចាក់រហូតដល់ ១៦ដូស

    BY Pheakdey December 30, 2021
    បុរសម្នាក់ស៊ីឈ្មួលចាក់វ៉ាក់សាំងកូវីដជំនួសគេជាថ្នូរនឹងប្រាក់ជិត ៦០ដុល្លារសម្រាប់ការចាក់មួយដូស ខណៈរូបគាត់បានចាក់រហូតដល់ ១៦ដូស

    ឥណ្ឌូនេស៊ី៖ បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវបានបណ្តាញសារព័ត៌មាន World of Buzz រាយការណ៍ថា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រហូតដល់ទៅ ១៦ដូស ព្រោះតែគាត់បានស៊ីឈ្មួលទៅចាក់វ៉ាក់សាំងជំនួសពលរដ្ឋមួយចំនួន ដែលមិនហ៊ានទៅចាក់វ៉ាក់សាំងដោយខ្លួនឯង តែចង់បានប័ណ្ណចាក់វ៉ាក់សាំងយកមកប្រើប្រាស់។ បុរសរូបនេះមានឈ្មោះថា Abdul Rahim បច្ចុប្បន្នកំពុងរស់នៅក្នុងខេត្ត South Sulawesi ដែលស្ថិតនៅលើកោះ Sulawesi នៃប្រទេសឥណ្ឌូនេស៊ី។

    ប្រភពខាងលើបានបន្តថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដែលលោក Abdul Rahim បានទៅចាក់នោះមានពីប្រភេទគឺវ៉ាក់សាំងប្រភេទ AstraZeneca និង Pfizer ហើយគិតត្រឹមពេលនេះវ៉ាក់សាំងដែលគាត់បានចាក់សរុបគឺមានចំនួន ១៦ដូស ដោយក្នុងនោះក៏មានទាំងវ៉ាក់សាំងដែលគាត់បានចាក់សម្រាប់ខ្លួនឯងចំនួន ២ដូសផងដែរ។ ចំពោះភារកិច្ចដែលប្រថុយនឹងគ្រោះថ្នាក់បំផុតនេះ លោក Abdul Rahim អាចទទួលបានប្រាក់ចន្លោះពី ១០០,០០០-៨០០,០០០ រូពៀ (៧-៥៦ ដុល្លារអាមេរិក) សម្រាប់ការទៅចាក់វ៉ាក់សាំងម្តង ឬការចាក់មួយដូស។ រហូតមកទល់នឹងពេលនេះសុខភាពលោក Abdul Rahim ហាក់មិនមានអ្វីប្រែប្រួលគួរឲ្យគត់សម្គាល់នោះទេ ខណៈអាជ្ញាធរឥណ្ឌូនេស៊ីកំពុងបើកការស៊ើបអង្កេតជាបន្ទាន់មួយជុំវិញករណីអសកម្មនេះ។ គួរបញ្ជាក់ជូនថា ឥណ្ឌូនេស៊ីជាប្រទេសមួយដែលមានអត្រាអ្នកមិនហ៊ានទៅចាក់វ៉ាក់សាំងខ្ពស់ ហើយគិតត្រឹមពេលនេះឥណ្ឌូនេស៊ីអាចសម្រេចការចាក់វ៉ាក់សាំងរួចរាល់់ចំនួន ២ដូសជូនពលរដ្ឋខ្លួនបានចំនួន ៤០% ក្នុងចំណោមពលរដ្ឋសរុបជាង ២៧៣លាននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: