ចិនសម្រេចបិទខ្ទប់ក្រុងមួយជាបន្ទាន់ក្រោយរកឃើញអ្នកឆ្លងកូវីដចំនួន ៣ករណី
ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី៤ ខែមករានេះ អាជ្ញាធរចិនបានសម្រេចបិទខ្ទប់ក្រុងមួយបន្ថែមទៀតក្រោយមានករណីរាតត្បាតជំងឺកូវីដ ១៩ ត្រឹមតែ ៣ករណីប៉ុណ្ណោះ។ ក្រុងដែលត្រូវបានសម្រេចឲ្យបិទខ្ទប់ជាបន្ទាន់នេះមានឈ្មោះថា Yuzhou មានពលរដ្ឋកំពុងរស់នៅប្រមាណជា ១,១៧លាននាក់ ហើយក្រុងមួយនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន។

ប្រភពខាងលើបានបន្តថា ការសម្រេចបិទខ្ទប់ក្រុង Yuzhou ត្រូវបានធ្វើឡើងភ្លាមៗក្រោយអាជ្ញាធរសុខាភិបាលប្រចាំទីក្រុងបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ចំនួន ៣ករណីកាលពីយប់ថ្ងៃចន្ទ ទី៣ ខែធ្នូ ម្សិលមិញនេះ ខណៈគេមិនបានដឹងច្បាស់ពីប្រភពនៃការចម្លងនេះទេ។ គួរបញ្ជាក់ជូនថា ចំនួនអ្នកឆ្លងក្នុងសហគមន៍ ៣ករណីមិនមែនជាតួលេខអ្នកឆ្លងច្រើនគួរឲ្យបានបារម្ភនោះទេសម្រាប់ប្រទេសជាច្រើននៅលើពិភពលោក តែសម្រាប់ប្រទេសចិនបានចាត់ទុកថាវាគឺជាបញ្ហាមួយដែលត្រូវចាត់វិធានការជាបន្ទាន់ ព្រោះចិនបានសម្រេចអនុវត្តផែនការទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ ឲ្យស្ថិតនៅកម្រិតសូន្យមុនពេលចិនត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia