ហ្វីលីពីនព្រមានដាក់គុក ៦ខែចំពោះអ្នកដំណើរណាដែលបានល្មើសនឹងវិធានការធ្វើចត្តាឡីស័ក
ហ្វីលីពីន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន The Thaiger បានឲ្យដឹងថា អាជ្ញាធរហ្វីលីពីនបានព្រមានចាត់វិធានការក្តៅចំពោះក្រុមអ្នកដំណើរដែលមិនបានអនុវត្តវិធានការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដោយអ្នកប្រព្រឹត្តិខុសទាំងនោះនឹងត្រូវផ្តន្ទាទោសឲ្យជាប់គុករយៈពេល ៦ខែ ឬពិន័យជាប្រាក់ចំនួន ៥០,០០០ ប៉េសូ (ជិត ១,០០០ ដុល្លារអាមេរិក)។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗ ក្រោមមានស្រ្តីជនជាតិហ្វីលីពីនម្នាក់ដែលទើបត្រលប់មកពីបរទេសនិងកំពុងធ្វើចត្តាឡីស័កបានលួចចេញពីសណ្ឋាគារទៅចូលរួមពិធីជប់លៀងមួយ ហើយក្រោយមកស្រ្តីរូបនោះនិងមិត្តភក្តិដែលគាត់បានទៅជួបចំនួន ៧នាក់ទៀត សុទ្ធតែតេស្តវិជ្ជមានកូវីដ ១៩។

បើតាមលោក Karlos Nograles ដែលជាអ្នកនាំពាក្យឲ្យលោកប្រធានាធិបតីហ្វីលីពីនបានថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍ថា ការដាក់ចេញវិធានការតឹងរឹងនេះគឺដើម្បីធ្វើឲ្យជនដែលបានប្រព្រឹត្តិខុសរាងចាល ហើយកុំឲ្យអ្នកផ្សេងទៀតហ៊ានយកគំរូតាម។ លោកបានបន្តថា អាជ្ញាធរហ្វីលីពីននឹងអនុវត្តវិធានការខាងលើនេះយ៉ាងហ្មត់ចត់បំផុត ដោយអាជ្ញាធរនឹងទៅចាប់ខ្លួនជនដែលបានប្រព្រឹត្តិខុសភ្លាមៗដល់កន្លែងតែម្តង ប្រសិនបើពួកគេហ៊ានបង្កកំហុសសូម្បីតែបន្តិច។ គួរបញ្ជាក់ជូនថា ការដាក់ចេញវិធានការតឹងរឹងខាងលើនេះក៏ត្រូវបានធ្វើឡើងស្របពេលដែលករណីឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងក្នុងប្រទេសហ្វីលីពីនបានកើនឡើងយ៉ាងច្រើនផងដែរក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger