កសិដ្ឋានមួយនៅតួគី ឲ្យគោពាក់វ៉ែនតា VR ដើម្បីឲ្យគោបាត់ធុញថប់ សប្បាយចិត្ត អាចផលិតទឹកដោះបានច្រើនជាងធម្មតា
តួគី៖ សត្វគោនៅក្នុងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយកន្លែងត្រូវបានគេបំពាក់នូវវ៉ែនតា VR (Virtual Reality Goggle) ដើម្បីឲ្យសត្វគោមើលឃើញថាពួកវាកំពុងដើរស៊ីចំណីនៅតាមវាលស្មៅ បាត់ធុញថប់ ហើយសប្បាយចិត្ត ខណៈដែលម្ចាស់កសិដ្ឋានចិញ្ចឹមគោអះអាងថា ការធ្វើដូចនេះសត្វគោនឹងផលិតទឹកដោះបានច្រើនជាងធម្មតា។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail បានបញ្ជាក់ថា សត្វគោដែលត្រូវបានគេបំពាក់នូវវ៉ែនតាដ៏ទំនើបនេះមានចំនួន ២ក្បាលកំពុងចិញ្ចឹមនៅក្នុងកសិដ្ឋានមួយកន្លែងក្នុងប្រទេសតួគី ហើយម្ចាស់កសិដ្ឋានដែលមានគំនិតច្នៃប្រឌិតខ្ពស់នេះគឺលោក Izzet Kocak។

លោក Izzet Kocak បានប្រាប់ឲ្យដឹងថា មូលហេតុដែលជំរុញឲ្យគាត់សម្រេចចិត្តប្រើប្រាស់វ៉ែនតា VR ចំពោះសត្វគោរបស់គាត់ក៏ព្រោះតែមានការសិក្សាមួយបានបង្ហាញថា នៅពេលដែលសត្វគោដើរស៊ីចំណីតាមវាលស្មៅពួកវានឹងមានអារម្មណ៍រីករាយជាងការស៊ីចំណីនៅក្នុងក្រោល ហើយនៅពេលដែលពួកវាមានអារម្មណ៍សប្បាយរីករាយទិន្នផលនៃការផលិតទឹកដោះក៏មានច្រើនផងដែរ។ ម្ចាស់កសិដ្ឋានរូបនេះបានបញ្ជាក់ថា តាមធម្មតាគោមួយក្បាលដែលស៊ីស្មៅនៅក្នុងក្រោលអាចផលិតទឹកដោះបានចំនួន ២២លីត្រនៅក្នុងមួយថ្ងៃ តែបើគេឲ្យវាពាក់វ៉ែនតាការពិតនិម្មិតគឺទិន្នផលទឹកដោះអាចឡើងដល់ ២៧លីត្រនៅក្នុងមួយថ្ងៃ៕



អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail