អាមេរិកទទួលជោគជ័យជាលើកដំបូងក្នុងការវះកាត់យកបេះដូងសត្វជ្រូកមកផ្លាស់ប្តូរជំនួសបេះដូងមនុស្ស
អាមេរិក៖ បុរសជាអ្នកមានបញ្ហាបេះដូងធ្ងន់ធ្ងរម្នាក់ត្រូវបានគេជួយសង្គ្រោះជីវិតតាមរយៈការវះកាត់យកបេះ ដូងរបស់សត្វជ្រូកមកផ្លាស់ប្តូរជំនួសឲ្យបេះដូងរបស់គាត់ដែលមានបញ្ហារ៉ាំរៃនិងស្ទើរតែលែងដំណើរការទៅហើយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Business Insider បានបញ្ជាក់ថា ការវះកាត់ដ៏អស្ចារ្យនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland ក្នុងទីក្រុង Baltimore សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយលទ្ធជោគជ័យ ១០០%នៃវះកាត់ទើបត្រូវបានក្រុមវេជ្ជបណ្ឌិតបញ្ជាក់កាលថ្ងៃចន្ទ ទី១០ ខែមករា ម្សិលមិញនេះ។

ប្រភពខាងលើបាបន្តថា បុរសជាជនរងគ្រោះមានឈ្មោះ David Bennett អាយុ ៥៧ ឆ្នាំ ជាអ្នកមានជំងឺបេះដូងធ្ងន់ធ្ងរនិងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល ២ ខែមកហើយមុនការវះកាត់នេះ។ ស្ថានភាពរបស់អ្នកជំងឺបានវិវឌ្ឍន៍កាន់តែអាក្រក់ឡើងពីមួយថ្ងៃទីមួយថ្ងៃ ហើយបើក្រុមវេជ្ជបណ្ឌិតមិនសម្រេចធ្វើការវះកាត់នេះទេ គឺអ្នកជំងឺមានហានិភ័យខ្ពស់ណាស់ក្នុងការស្លាប់បាត់បង់ជីវិត។
ហេតុដូចនេះហើយទើបគេត្រូវតែប្រថុយធ្វើការវះកាត់ដែលជាជម្រើសចុងក្រោយបង្អស់សម្រាប់ជួយអ្នកជំងឺ ហើយលទ្ធផលដែលគេទទួលបាននោះគឺជោគជ័យលើសពីការរំពឹងទុក។ គួរបញ្ជាក់ថា សត្វជ្រូកដែលគេយកបេះដូងរបស់វាមកប្រើប្រាស់នោះមិនមែនជាសត្វជ្រូកធម្មតានោះទេ តែវាជាសត្វជ្រូកដែលបានផ្លាស់ប្តូរហ្សែនក្នុងគោលបំណងសម្រាប់ប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្រ្ត។ សូមបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយដែលគេអាចធ្វើការវះកាត់ផ្លាស់ប្តូរសរីរាង្គរបស់សត្វមកជំនួសឲ្យសរីរាង្គមនុស្សប្រកបដោយជោគជ័យខ្ពស់ដូចនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Business Insider