ថ្ងៃនេះថៃរកឃើញអ្នកឆ្លងកូវីដជាង ៧ពាន់នាក់ ខណៈអ្នកជំនាញព្យាករណ៍ថាតួលេខអ្នកឆ្លងប្រចាំថ្ងៃនឹងកើនដល់ ២ម៉ឺននាក់នៅចុងខែនេះហើយបន្តកើនឡើងដល់ ៣ម៉ឺននាក់នៅចុងខែបន្ទាប់
ថៃ៖ នៅថ្ងៃអង្គារ ទី១១ ខែមករានេះអាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,១៣៣ នាក់ និងបានរកឃើញអ្នកស្លាប់ចំនួន ១២នាក់ផងដែរ។ ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះមានអ្នកឆ្លងចំនួន ៧,០៨៨ នាក់គឺជាពលរដ្ឋទូទៅ និង ៤៥នាក់ផ្សេងទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង ហើយបើធ្វើការបៀបធៀបទៅនឹងរបាយការណ៍នៅក្នុងថ្ងៃចន្ទ ទី១០ ខែមករា គឺតួលេខនៅក្នុងថ្ងៃអង្គារនេះមានការថយចុះបន្តិច តែវានៅតែជាចំនួនដ៏ច្រើនមួយបើធៀបទៅរយៈពេលមុនមានការរាតត្បាតកូវីដ ១៩ ប្រភេទអូមីក្រុង។

បើតាមលោក Sumanee Wacharasin ដែលជាអ្នកនាំពាក្យឲ្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា តួលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃអាចនឹងកើនឡើងដល់ខ្ទង់ ២០,០០០ នាក់នៅត្រឹមចុងខែមករានេះ ហើយបន្តកើនឡើងដល់ខ្ទង់ ៣០,០០០ នាក់នៅត្រឹមចុងខែកុម្ភៈ។ អ្នកនាំពាក្យរូបនេះបានបន្តថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ ១៩ទាំងអស់នោះភាគច្រើនគឺជាករណីឆ្លងមេរោគអូមីក្រុង ជាក់ស្តែងបើគិតចាប់ពីថ្ងៃទី ២ ខែមករា មកដល់ថ្ងៃទី ៨ ខែមករា គឺតួលេខអ្នកឆ្លងមេរោគអូមីក្រុងមានរហូតដល់ ៧០,៣% នៃចំនួនអ្នកឆ្លងសរុប។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួនជាង ២,២លាននាក់ និងស្លាប់សរុបជាង ២,១ម៉ឺននាក់ផងដែរ៕

អត្ថបត៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍