អាជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួនវេជ្ជបណ្ឌិតម្នាក់ ដែលចេញប័ណ្ណចាក់វ៉ាក់សាំងកូវីដក្លែងក្លាយឲ្យពលរដ្ឋប្រហែល ១,៩០០នាក់ជាថ្នូរនឹងប្រាក់ជាង ១០០ដុល្លារសម្រាប់ប័ណ្ណមួយ
ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីបានសម្រេចឃាត់ខ្លួនវេជ្ជបណ្ឌិតម្នាក់ដែលបានចេញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្លែងក្លាយឲ្យទៅក្រុមពលរដ្ឋដែលមិនចង់ចាក់វ៉ាក់សាំងដើម្បីទទួលបានប្រាក់ក្រៅផ្លូវការយ៉ាងច្រើនពីកិច្ចការខុសច្បាប់មួយនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា វេជ្ជបណ្ឌិតរូបនេះមានអាយុ ៥១ ឆ្នាំ ជាម្ចាស់គ្លីនិកឯកជនមួយកន្លែងនៅក្នុងរដ្ឋ Terengganu ភាគខាងលិចនៃប្រទេសម៉ាឡេស៊ី។

តាមការស៊ើបអង្កេតរបស់ក្រុមប៉ូលិសជំនាញម៉ាឡេស៊ីបានបង្ហាញថា យ៉ាងហោចណាស់មានពលរដ្ឋម៉ាឡេស៊ីចំនួន ១,៩០០ នាក់ ដែលបានទៅរកសេវាចេញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្លែងក្លាយនេះ ហើយពួកគេត្រូវចំណាយប្រាក់ក្នុងចន្លោះពី ៤០០-៦០០រីងហ្គីត (៩៥-១៤៣ ដុល្លារអាមេរិក)។
បើធ្វើការប្រៀបធៀបជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ មែនទែននោះគឺមានតម្លៃត្រឹម ៣០០រីងហ្គីត (៧១ដុល្លារអាមេរិក) ប៉ុណ្ណោះសម្រាប់ការចាក់ជាលក្ខណៈផ្ទាល់ខ្លួននៅតាមមន្ទីរពេទ្យឯកជន ហើយសម្រាប់ការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលវិញគឺមិនត្រូវបានគិតថ្លៃនោះទេ។ គេបានរកឃើញទៀតថា វេជ្ជបណ្ឌិតរូបនេះបានផ្តល់ប្រាក់ចំនួន ៥០ រីងហ្គីត (១២ ដុល្លារអាមេរិក) សម្រាប់អ្នកដែលអាចណែនាំអតិថិជនម្នាក់ឲ្យមកទទួលយកប័ណ្ណចាក់វ៉ាក់សាំងក្លែងក្លាយនេះ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរម៉ាឡេស៊ីមិនទាន់បញ្ជាក់ពីកម្រិតទោសជាក់ស្តែងដែលវេជ្ជបណ្ឌិតរូបនេះត្រូវទទួលនោះទេ តែរូបគាត់អាចប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំនិងពិន័យជាប្រាក់មួយចំនួនផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia