កូរ៉េខាងត្បូងផ្តើមប្រើប្រាស់ថ្នាំលេបរបស់ Pfizer នៅថ្ងៃស្អែកនេះ ស្របពេលអូមីក្រុងបន្តរាតត្បាតខ្លាំងក្នុងសហគមន៍
កូរ៉េខាងត្បូង៖ នៅថ្ងៃសុក្រ ទី១៤ ខែមករាស្អែកនេះ ប្រទេសកូរ៉េខាងត្បូងនឹងផ្តើមប្រើប្រាស់ថ្នាំលេបប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer សម្រាប់ព្យាបាលឲ្យអ្នកជំងឺកូវីដ-១៩ក្នុងប្រទេសខ្លួនហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia។ ការសម្រេចឲ្យប្រើប្រាស់ថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមានឈ្មោះថា Paxlovid នេះត្រូវបានធ្វើឡើងស្របពេលដែលជំងឺកូវីដ-១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងបានរាតត្បាតកាន់តែខ្លាំងនៅតាមសហគមន៍ទូទាំងប្រទេសកូរ៉េខាងត្បូង។

ប្រភពខាងលើបានបញ្ជាក់ថា នៅថ្ងៃស្អែកនេះថ្នាំលេប Paxlovid យ៉ាងយោងណាស់ចំនួន ២១,០០០ គ្រាប់នឹងត្រូវចែកចាយទៅកាន់ឱសថស្ថានចំនួន ២៨០កន្លែង និងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ចំនួន ៩០កន្លែងផ្សេងគ្នាផងដែរ។ តាមគម្រោងគឺនៅក្នុងដំណាក់កាលដំបូងនេះអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនឹងប្រើប្រាស់ថ្នាំលេប Paxlovid ជាមួយនឹងអ្នកជំងឺកូវីដ-១៩ ចំនួន ១,០០០ នាក់ ហើយអ្នកជំងឺគោលដៅទាំងនោះគឺជាក្រុមពលរដ្ឋដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ឬអាចនិយាយបានថា ជាក្រុមមនុស្សដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។ បើតាមទីភ្នាក់ងារគ្រប់គ្រងនិងបង្កាជំងឺឆ្លងកូរ៉េខាងត្បូងបានឲ្យដឹងថា នៅក្នុងខែក្រោយនេះប្រទេសកូរ៉េខាងត្បូងនឹងទទួលបានថ្នាំលេប Paxlovid ចំនួន ១០,០០០ គ្រាប់បន្ថែមទៀតផងដែរ សម្រាប់យកមកប្រើប្រាស់ចំពោះក្រុមអ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia