ហ្វីលីពីនសម្រេចហាមពលរដ្ឋ ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ មិនឲ្យធ្វើដំណើរតាមមធ្យោបាយសាធារណៈ
ហ្វីលីពីន៖ បើគ្មានអ្វីប្រែប្រួលទេគឺនៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះរដ្ឋាភិបាលនៃប្រទេសហ្វីលីពីននឹងផ្តើមអនុវត្តវិធានការតឹងរឹងមួយចំពោះក្រុមពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយពួកគេនឹងត្រូវហាមឃាត់មិនឲ្យធ្វើដំណើរតាមមធ្យោបាយសាធារណៈនោះទេ។ វិធានការនេះនឹងត្រូវអនុវត្តនៅក្នុងរដ្ឋធានីម៉ានីលជាទីកន្លែងដែលកំពុងមានរាតត្បាតយ៉ាងខ្លាំងដោយជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។

បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា សេចក្តីប្រកាសពីការអនុវត្តវិធានការនេះត្រូវបានធ្វើឡើងដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ហើយការសម្រេចនេះត្រូវបានធ្វើឡើងក្រោយលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ព្រមានចាប់ខ្លួនពលរដ្ឋណាដែលមិនបានចាក់វ៉ាក់សាំងកូវីដហើយមិនព្រមសម្ងំនៅក្នុងផ្ទះ ពោលគឺនៅចេញក្រៅធម្មតាដូចអ្នកដែលបានចាក់វ៉ាក់សាំងដែរ។
ប្រភពខាងលើបានបន្តថា ដើម្បីអាចធ្វើដំណើរតាមមធ្យោបាយសាធារណៈបានពលរដ្ឋក្នុងរដ្ឋធានីម៉ានីលទាំងអស់ត្រូវតែបង្ហាញប័ណ្ណចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយអាជ្ញាធរ ខណៈមធ្យោបានសាធារណៈទាំងនោះមានដូចជា រថយន្តក្រុង រថយន្តតាក់ស៊ីប្រភេទ Jeepneys រថភ្លើង ទូក និងយន្តហោះផងដែរ។ យ៉ាងណាក្តី វិធានការនេះត្រូវបានលើកលែងចំពោះក្រុមពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ក្រុមពលរដ្ឋដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ចាក់វ៉ាក់សាំង និងក្រុមពលរដ្ឋដែលត្រូវចេញទៅទិញអាហារឬថ្នាំពេទ្យជាដើម។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះមានពលរដ្ឋហ្វីលីពីនជិតពាក់កណ្តាលប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ ១៩រួចរាល់ ខណៈហ្វីលីពីនមានពលរដ្ឋសរុបជាង ១០០ លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia