អន្តរជាតិ

ហ្វីលីពីនទាញសញ្ញាអាសន្នកម្រិត ៣នៅរដ្ឋធានីម៉ានីល ក្រោយតួលេខអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ចំនួនច្រើនបំផុតមិនធ្លាប់មាន

BY
Pheakdey
January 15, 2022

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានសម្រេចចេញបទបញ្ជាបន្ទាន់មួយកាលពីយប់ថ្ងៃសុក្រ ទី១៤ ខែមករានេះ ដោយអាជ្ញាធរហ្វីលីពីននឹងអនុវត្តវិធានការរឹតបន្តឹងនៅក្នុងរដ្ឋធានីម៉ានីលរយៈពេល ២សប្តាហ៍ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ការសម្រេចដាក់ចេញនូវវិធានការរឹតបន្តឹងនេះគឺត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅហ្វីលីពីនបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានរាប់ចាប់តាំងពីពេលកើតមានការរាតត្បាតជំងឺកូវីដ ១៩មក។

ប្រភពខាងលើបានបញ្ជាក់ផងដែរថា វិធានការរឹតបន្តឹងរដ្ឋធានីម៉ានីលនោះគឺជាការប្រកាសអាសន្នកម្រិត ៣ ដែលនឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ៣១ ខែមករានេះ។  នៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការរឹតបន្តឹងនេះគឺអាជ្ញាធរនឹងកាត់បន្ថយការជួបជុំនៅតាមទីសាធារណៈដូចជាកំណត់ឲ្យភោជនីយដ្ឋានបើកទទួលអតិថិជនត្រឹម ៥០% ​ខណៈរោងកុន ក្លឹបហាត់ប្រាណ និងអាជីវកម្មនៅក្នុងអាគារទាំងអស់ត្រូវបើកទទួលអតិថិជនត្រឹម ៣០% ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរអាជ្ញាធរហ្វីលីពីនក៏បានត្រៀមគ្រែពេទ្យនិងសម្ភារៈបរិក្ខាពេទ្យជាច្រើនផងដែរ ដើម្បីតៀមទប់ទល់នឹងកំណើតនៃអ្នកជំងឺកូវីដ ១៩ ដែលភាគច្រើនគឺជាករណីឆ្លងជំងឺកូវីដ ១៩ អូមីក្រុង៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: