ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនកំពុងពិចារណាដាក់ទីក្រុងតូក្យូនិងតំបន់សំខាន់ៗមួយចំនួនក្នុងគ្រាមានអាសន្ន ក្រោយចំនួនអ្នកឆ្លងកូវីដ-១៩បន្តកើនឡើងយ៉ាងខ្លាំង

    BY Pheakdey January 17, 2022
    ជប៉ុនកំពុងពិចារណាដាក់ទីក្រុងតូក្យូនិងតំបន់សំខាន់ៗមួយចំនួនក្នុងគ្រាមានអាសន្ន ក្រោយចំនួនអ្នកឆ្លងកូវីដ-១៩បន្តកើនឡើងយ៉ាងខ្លាំង

    ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនកំពុងពិចារណាប្រកាសដាក់ទីក្រុងតូក្យូនិងតំបន់សំខាន់ៗមួយចំនួននៅជុំវិញទីក្រុងក្នុងគ្រាមានអាសន្ន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមករានេះ។ ការពិភាក្សាជុំវិញបញ្ហានេះត្រូវបានធ្វើឡើងក្រោយពេលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសជប៉ុនបន្តកើនឡើងគួរឲ្យព្រួយបារម្ភក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះនិងស្របពេលដែលតម្រូវការនៃការប្រើប្រាស់គ្រែពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩នៅក្នុងទីក្រុងតូក្យូបានកើនឡើងលើសចំនួនដែលអាជ្ញាធរបានកំណត់ទុកផងដែរ។

    បើតាមលោក Yuriko Koike ដែលជាអភិបាលនៃគណៈអភិបាលក្រុងតូក្យូបានបញ្ជាក់ថា សេចក្តីប្រកាសដាក់ទីក្រុងតូក្យូក្នុងគ្រាមានអាសន្ននឹងត្រូវដាក់ចេញភ្លាមក្នុងករណីចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលត្រូវមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកើនឡើងលើសចំនួនកំណត់ ២០% ខណៈគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះតម្រូវការនៃការប្រើប្រាស់គ្រែពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ បានកើនលើសចំនួនកំណត់ចំនួន ១៩,៣%​ រួចទៅហើយ។ គួរបញ្ជាក់ជូនថា ២ថ្ងៃចុងក្រោយនេះអាជ្ញាធរសុខាភិបាលជប៉ុនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងចំនួនច្រើនជាង ២៥,០០០នាក់ក្នុងមួយថ្ងៃ ដែលតួលេខនេះគឺជិតស្នើនឹងកំណត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃច្រើនបំផុត ដែលអាជ្ញាធរជប៉ុនធ្លាប់ជួបប្រទះនាពេលកន្លងមកផងដែរ។ គិតត្រឹមពេលនេះជប៉ុនមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ១,៨លាននាក់ និងស្លាប់សរុបជាង ១,៨ ម៉ឺននាក់៕

    

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: