ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អូស្រ្តាលីរកឃើញអ្នកបាត់បង់ជីវិតដោយកូវីដច្រើនបំផុតមិនធ្លាប់មាន ក្នុងនោះមាន ៤នាក់បានចាក់វ៉ាក់សាំងដល់ដូសជម្រុញ ខណៈខាងមន្ទីរពេទ្យកំពុងផ្ទុកអ្នកជំងឺលើសចំណុះ

    BY Pheakdey January 18, 2022
    អូស្រ្តាលីរកឃើញអ្នកបាត់បង់ជីវិតដោយកូវីដច្រើនបំផុតមិនធ្លាប់មាន ក្នុងនោះមាន ៤នាក់បានចាក់វ៉ាក់សាំងដល់ដូសជម្រុញ ខណៈខាងមន្ទីរពេទ្យកំពុងផ្ទុកអ្នកជំងឺលើសចំណុះ

    អូស្រ្តាលី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសអូស្រ្តាលីបានកត់ត្រាចំនួនអ្នកស្លាប់បាត់បង់ជីវិតប្រចាំថ្ងៃដោយជំងឺកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មានរាប់ចាប់តាំងពីពេលកើតមានការរាតត្បាតជំងឺកូវីដ-១៩មក សម្រាប់របាយការណ៍នៅក្នុងថ្ងៃអង្គារ ទី១៨ ខែមករានេះ។ បើតាមអាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា​ តួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ច្រើនបំផុតនោះគឺមានចំនួន ៧៧នាក់ ខណៈពេលកន្លងមកតួលេខអ្នកស្លាប់ច្រើនបំផុតមានត្រឹម ៥៧នាក់ប៉ុណ្ណោះនៅក្នុងមួយថ្ងៃ។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតគឺនៅក្នុងចំណោមអ្នកស្លាប់ទាំង ៧៧នាក់នោះក៏មានពលរដ្ឋចំនួន ៤នាក់ជាអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំ​ងឺកូវីដ ១៩ រហូតដល់ដូសទី ៣ ផងដែរ។

    បើតាមលោក Dominic Perrottet​ ដែលជាអភិបាលរដ្ឋ New South Wales បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះគឺភាគច្រើនជាពលរដ្ឋកំពុងរស់នៅក្នុងរដ្ឋ New South Wales ពោលគឺមានចំនួន ៣៦នាក់ក្នុងចំណោមអ្នកស្លាប់ទាំងអស់។ ភិបាលរដ្ឋរូបនេះបាបន្តថា រដ្ឋ New South Wales កំពុងប្រឈមនឹងបញ្ហាលំបាកយ៉ាងខ្លាំង​ព្រោះតែមេរោគអូមីក្រុងបានបង្កការរាតត្បាតយ៉ាងឆាប់រហ័សរហូតធ្វើឲ្យ មន្ទីរពេទ្យត្រូវផ្ទុកអ្នកជំងឺកូវីដ-១៩ លើសចំណុះ។ គួរបញ្ជាក់ថា នៅក្នុងថ្ងៃអង្គារនេះអាជ្ញាធរសុខាភិបាលអូស្រ្តាលីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រមាណជា ៧៣,០០០នាក់ ខណៈកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនចំនួនអ្នកឆ្លងប្រចាំថ្ងៃមានរហូតដល់ ១៥០,០០០នាក់ឯណោះ។ គិតត្រឹមពេលនេះអូស្រ្តាលីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំ​នួនជាង ១,៦ លាននាក់ ក្នុងនោះមានអ្នកជំងឺ ១,៣លាននាក់ទើបរកឃើញក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ និងតួលេខអ្នកស្លាប់សរុបមានជាង ២ពាន់នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

     

    Share This Post: