សង្គម

គួរឲ្យសរសើរ! លោក ឃឹម ហ្វីណង់ គ្រោងចង់ខ្ចីដីស្រែប្រជាពលរដ្ឋ យកមកធ្វើស្រែសង្គមជាថ្មីម្តងទៀត ដើម្បីផលិតអង្ករទុកចែកបងប្អូនទីទ័លក្រ អ្នកខ្វះខាត និងអ្នកទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ

BY
Khmernote Media
January 19, 2022

ថ្មីនេះលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងពីគម្រោងខ្ចីដីស្រែរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ ដើម្បីរៀបចំធ្វើស្រែសង្គម សម្រាប់ទុកផលិតជាអង្ករទុកជួយបងប្អូនប្រជាពលរដ្ឋទីទ័លក្រ និងមានជីវភាពខ្វះខាត ដែលគម្រោងនេះធ្វើឡើងទទួលបានជោគជ័យម្តងរួចមកហើយកាលពីពេលកន្លងទៅ។

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា “សាកល្បងស្វែងរកការគាំទ្រពីបងប្អូនម្ចាស់ស្រែនៅក្នុងឃុំព្រះដាក់ ដើម្បីខ្ចីដីស្រែរបស់ពួកគាត់មួយរដូវ ទុកសម្រាប់រៀបចំគម្រោងស្រែសង្គមជាថ្មីម្តងទៀត ក្នុងគោលបំណងផលិតជាស្រូវអង្ករយកទៅជួយបងប្អូនប្រជាពលរដ្ឋទីទ័លក្រ និងមានជីវភាពខ្វះខាតនៅក្នុងស្រុក ជាពិសេស អ្នកដែលបានទទួលរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចពីការរីករាលដាលនៃជំងឺកូវីដ។

ដោយហេតុតែកូវីដនៅតែបង្កផលវិបាកទៅជីវភាពរបស់ក្រុមប្រជាពលរដ្ឋងាយរងគ្រោះ និងដោយសារភាពជោគជ័យនៃគម្រោងនេះកាលពីឆ្នាំកន្លងទៅ «គម្រោងស្រែសង្គម»គឺជាច្រកចេញមួយដ៏ប្រសើរ ដើម្បីជួយរំលែកការលំបាករបស់បងប្អូនប្រជាពរដ្ឋតាមរយៈរូបភាពចូលរួមយ៉ាងទូលំទូលាយទាំងពីសំណាក់ម្ចាស់ស្រែ សប្បុរសជន យុវជនស្ម័គ្រចិត្ត និងអាជ្ញាធរមូលដ្ឋាន រួមកម្លាំង រួមធនធាន រួមមធ្យោបាយ រួមគ្នាដោះស្រាយបញ្ហារួមទាំងអស់គ្នា។ រាល់ការចំណាយត្រូវបានរ៉ាប់រងដោយសប្បុរសជន ចំណែកឯទិន្និផលដែលនៅសេសសល់ទាំងអស់ នឹងត្រូវបានយកទៅប្រើប្រាស់ក្នុងប្រយោជន៍មនុស្សធម៍ទាំងស្រុង។

គួររំលឹកផងដែរថាកាលពីឆ្នាំ២០២០ ស្មារតីចូលរួមនៃគម្រោងស្រែសង្គមផលិតបានជាស្រូវជាង៨០តោន សម្រាប់យកទៅបែងចែកដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងទូទាំងស្រុកបន្ទាយស្រី។ ប្រសិនបើគម្រោងនេះពិតជាអាចលេចរូបរាងឡើងសារជាថ្មីមែននៅក្នុងឆ្នាំនេះ សង្ឃឹមថាសប្បុរសជន និងកម្លាំងស្ម័គ្រចិត្តទាំងអស់នឹងនៅតែបន្តចូលរួមជួយគាំទ្រគម្រោងដើម្បីបុព្វហេតុប្រយោជន៍រួមមួយនេះជាថ្មីម្តងទៀត”៕

Share This Post: