ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO បញ្ជាក់ថា គិតត្រឹមពេលនេះកូវីដ-១៩ គឺនៅវែងឆ្ងាយទៀតណាស់ មិនងាយចប់នោះទេ

    BY Pheakdey January 20, 2022
    WHO បញ្ជាក់ថា គិតត្រឹមពេលនេះកូវីដ-១៩ គឺនៅវែងឆ្ងាយទៀតណាស់ មិនងាយចប់នោះទេ

    អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា គិតត្រឹមពេលនេះការរាតត្បាតនៃជំងឺកូវីដ-១៩ គឺនៅវែងឆ្ងាយពីទីបញ្ចប់ណាស់ នេះបើយោងតាមអត្ថបទសារព័ត៌មួយដែលបានចុះផ្សាយដោយការសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២០ ខែមករានេះ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងស្របពេលដែលប្រទេសធំៗមួយចំនួនដូចជា អាឡឺម៉ង់ ប្រេស៊ីល និងបារាំងសុទ្ធតែបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាននៅក្នុងរយៈ ២៤ម៉ោងចុងក្រោយនេះ ខណៈបារាំងមានតួលេខអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃរហូតជិតដល់កន្លះលាននាក់។

    លោកវេជ្ជបណ្ឌិត​ Tedros Adhanom Ghebreyesus ដែលជាប្រធានអង្គការសុខភាពពិភពលោកបានប្រាប់អ្នកសារព័ត៌មានពីទីស្នាក់ការកណ្តាលនៅឯទីក្រុងហ្សឺណែវថា ក្នុងពេលនេះគេនៅមិនទាន់រកឃើញថាជំងឺកូវីដ-១៩នឹងត្រូវបញ្ចប់នៅទីណានិងពេលណានោះទេ ពោលគឺវានឹងបន្តរាតត្បាតក្នុងរយៈពេលយូរទៀតហើយគេក៏មិនអាចព្យាករណ៍បានថាយូររហូតដល់ពេលណាដែរ។

    លោកបានបន្តថា បើទោះជាយើងមានវ៉ាក់សាំងដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ក៏ដោយ តែកូវីដ-១៩ក៏នៅបន្តបំប្លែងខ្លួនទៅជាមេរោគកាចសាហាវក្នុងទម្រង់ផ្សេងៗទៀតបានផងដែរ។ ជាក់ស្តែងដូចក្នុងពេលបច្ចុប្បន្ននេះជំងឺកូវីដ-១៩​ ប្រភេទអូមីក្រុងបានកំពុងតែបង្កការរាតត្បាតយ៉ាងលឿននៅជុំវិញពិភពលោក ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺប្រទេសមួយចំនួនសុទ្ធតែបានរកឃើញអ្នកឆ្លងប្រចាំថ្ងៃក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាន បើទោះជាប្រទេសទាំងនោះបានចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនបានចំនួនច្រើនរួចហើយក៏ដោយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: