ការសិក្សាមួយរបស់អាមេរិកបង្ហាញថា អ្នកធ្លាប់កើតជំងឺកូវីដ-១៩ មានប្រព័ន្ធការពារខ្លាំងជាងអ្នកបានចាក់វ៉ាក់សាំងកូវីដ-១៩សម្រាប់ប្រឆាំងវ៉ារ៉្យង់ Delta
ការសិក្សាមួយនៅសហរដ្ឋអាមេរិកបានរកឃើញថា អ្នកធ្លាប់ឆ្លងជំងឺកូវីដ-១៩ នាពេលកន្លងមកគឺមានប្រព័ន្ធភាពស៊ាំខ្លាំងជាងអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅទៀត នេះបើនិយាយតែក្នុងលក្ខខណ្ឌប្រឆាំងជាមួយនឹងវ៉ារ៉្យង់ Delta ប៉ុណ្ណោះ នេះបើយោងតាមការរាយការណ៍របស់មន្ត្រីសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉ក កាលពីថ្ងៃពុធ ទី១៩ ខែមករា ម្សិលមិញនេះ និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករានេះ។

ការសិក្សាក៏បានបង្ហាញផងដែរថា ប្រព័ន្ធការពារមានកំរិតខ្ពស់បំផុតនៅចំណោមអ្នកដែលបានចាក់វ៉ាក់សាំងការពារហើយ និងធ្លាប់ឆ្លងជំងឺកូវីដ-១៩ រួចបានជាសះស្បើយ ហើយបានធៀបនឹងអ្នកមិនបានចាក់វ៉ាក់សាំង ឬមិនធ្លាប់ឆ្លងជំងឺកូវីដ-១៩ គឺប្រព័ន្ធការពារមានកំរិតទាបមែនទែន។
តាមរយៈការសិក្សានេះក្រុមអ្នកជំនាញនៅតែអះអាងថា ការចាក់វ៉ាក់សាំងគឺជាជម្រើសដ៏ល្អនិងមានសុវត្ថិភាពបំផុតដើម្បីឆ្លើយតបទៅនឹងវ៉ារ៉្យង់គ្រប់ប្រភេទរបស់ជំងឺកូវីដ-១៩។ គួរបញ្ជាក់ថា ការសិក្សានេះមិនបានផ្តោតទៅលើវ៉ារ្យ៉ង់អូមីក្រុងនោះទេ ខណៈក្នុងពេលនេះវ៉ារ្យ៉ង់អូមីក្រុងបានគ្រប់ដណ្ដប់រហូតដល់ ៩៩,៥ %នៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩សរុបនៅទូទាំងសហរដ្ឋអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia