ថៃនឹងទទួលបានវ៉ាក់សាំង Pfizer ៣លានដូសសម្រាប់ចាក់ជូនកុមារអាយុ ៥-១១ឆ្នាំនៅសប្តាហ៍ក្រោយ
ថៃ៖ បើគ្មានអ្វីប្រែប្រួលទេគឺថ្ងៃទី ២៦ ខែមករានេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ចំនួន ៣លានដូសនឹងត្រូវដឹកជញ្ជូនទៅដល់ប្រទេសថៃហើយ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃ សុក្រ ទី២១ ខែមករានេះ។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា វ៉ាក់សាំង Pfizer ចំនួន ៣លានដូសនេះគឺជាកញ្ចប់ទី ៣ នៃវ៉ាក់សាំងសរុបចំនួន ១០ លានដូស ដែលអាជ្ញាធរថៃបានចុះកិច្ចសន្យាបញ្ជាទិញពីក្រុមផលិតឱសថដ៏ធំរបស់អាមេរិកមួយនេះ។

លោករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា វ៉ាក់សាំងទាំង ៣លានដូសនេះគឺសម្រាប់ចាក់ជូនក្រុមកុមារថៃដែលមានអាយុចាប់ពី ៥ ដល់ ១១ ឆ្នាំ ហើយក្រោយពេលវ៉ាក់សាំងមកដល់ប្រទេសថៃភ្លាមគឺអាជ្ញាធរសុខាភិបាលនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនេះនៅឯមន្ទីរពេទ្យកុមារ Queen Sirikit National Institute of Child Health for children ក្នុងក្រុងបាងកក និងបន្ទាប់មកទៀតវ៉ាក់សាំងនឹងត្រូវបន្តចែកចាយទៅកាន់មន្ទីរពេទ្យផ្សេងៗនៅទូទាំងប្រទេសថៃ។ លោក Anutin Charnvirakul បានបញ្ជាក់ផងដែរថា វ៉ាក់សាំងសម្រាប់ចាក់ជូនកុមារនេះនឹងត្រូវលាយបញ្ចូលគ្នាជាមួយនឹងសារធាតុអំបិលក្នុងបរិមាណស្មើគ្នា ហើយល្បាយវ៉ាក់សាំងថ្មីនេះគឺអាចរក្សាទុកនៅក្នុងសីតុណ្ហភាពចន្លោះពី ២-៨ អង្សាសេ និងអាចរក្សាទុកបានរហូតដល់ ១០ សប្តាហ៍៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍