អង់គ្លេសរកឃើញវ៉ារ្យ៉ង់នៃជំងឺកូវីដ-១៩ថ្មីមួយប្រភេទទៀតដែលជាបុត្រសម្ព័ន្ធរបស់វ៉ារ្យ៉ង់អូមីក្រុង
អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ ទី២១ ខែមករា ម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអង់គ្លេសបានរកឃើញវ៉ារ្យ៉ង់នៃជំងឺកូវីដ-១៩ ថ្មីមួយប្រភេទទៀត ដែលស្ថិតនៅត្រកូលជាមួយវ៉ារ្យ៉ង់អូមីក្រុងដែរ ហើយពេលនេះក្រុមអ្នកជំនាញអង់គ្លេសកំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត។ បើយោងតាមទីភ្នាក់ងារសន្តិសុខសុខភាពនៃប្រទេសអង់គ្លេសបានបញ្ជាក់ថា វ៉ារ្យ៉ង់នៃជំងឺកូវីដ-១៩ថ្មីនេះមានលេខកូដសម្គាល់ BA.2 ហើយបើទោះជាវាមានលេខកូដសម្គាល់ផ្សេងពីវ៉ារ្យ៉ង់អូមីក្រុងក៏ពិតមែន តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញថាវាមានលក្ខណៈអ្វីខុសប្លែកខ្លាំងពីមេរោគអូមីក្រុងនៅឡើយទេ។

ប្រភពខាងលើបានបន្តថា ការពិតវ៉ារ្យ៉ង់ថ្មីនេះត្រូវបានអ្នកជំនាញអស់គ្លេសរកឃើញតាំងពីថ្ងៃទី ១០ ខែមករាម្លេះ តែការសម្រេចទទួលស្គាល់ថាវាពិតជាវ៉ារ៉្យង់ថ្មីនិងមានលេខសម្គាល់ថ្មីទើបត្រូវបានធ្វើឡើងជាផ្លូវការកាលពីថ្ងៃសុក្រម្សិលមិញនេះ។ គួរបញ្ជាក់ជូនថា ក្រោយពេលដែលអង់គ្លេសសម្រេចកំណត់ថាមានវ៉ារ្យ៉ង់ថ្មីនេះ ស្រាប់តែប្រទេសដាណឺម៉ាកបានជូនដំណឹងថា វ៉ារ្យ៉ង់ប្រភេទ BA.2 នេះកំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសខ្លួន ពោលគឺគិតត្រឹមសប្តាហ៍ទី ២ នៃខែមករានេះវ៉ារ្យ៉ង់ BA.2 បានគ្របដណ្ដប់ប្រមាណជា ៤៥%នៃករណីឆ្លងថ្មីទាំងអស់នៅទូទាំងប្រទេសដាណឺម៉ាក៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia