អ្នកជំនាញព្យាករណ៍ថា នៅត្រឹមចុងខែនេះអូមីក្រុងនឹងគ្របដណ្តប់ស្ទើរតែ ១០០%នៃករណីឆ្លងទាំងអស់នៅប្រទេសថៃ ខណៈដែលតាទំនងជាបាត់ខ្លួន
ថៃ៖ នៅក្នុងរបាយការណ៍របស់អាជ្ញាធរសុខាភិបាលថៃកាលពីថ្ងៃសុក្រ ទី២១ ខែមករា ម្សិលមិញនេះបានបង្ហាញថា អាជ្ញាធរថៃបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ១៣នាក់ ដែលចំនួននេះមានការថយចុះច្រើនបើធៀបទៅនឹងរយៈពេលកន្លងមក។ យ៉ាងណាក្តី នៅក្នុងថ្ងៃដដែលនោះតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីមានរហូតដល់ ៨,៦៤០នាក់ ដែលតួលេខនេះមានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបទៅនឹងតួលេខប្រចាំថ្ងៃចាប់តាំងពីដើមសប្តាហ៍មក។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ៨,៤២៥នាក់ជាពលរដ្ឋថៃ អ្នកឆ្លងចំនួន ២០នាក់ជាអ្នកទោស និងករណីឆ្លងចំនួន ១៩៥នាក់ផ្សេងទៀតគឺជាករណីនាំចូលមកពីក្រៅប្រទេស។

បើតាមនាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានកត់សម្គាល់ថា ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់នោះគឺមានភាគច្រើនជាករណីឆ្លងមេរោគបំប្លែងខ្លួនប្រភេទអូមីក្រុង ហើយបើគិតចាប់ពីថ្ងៃទី ១១ដល់១៧ ខែមករានេះគឺករណីឆ្លងមេរោគអូមីក្រុងមានរហូតដល់ ៩៧% នៃករណីនាំចូលសរុប និងគ្របដណ្ដប់ ៨០% នៃករណីឆ្លងសរុបនៅក្នុងសហគមន៍ថៃ។ សម្រាប់លោក Supakit Sirilak ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានព្យាករណ៍ថា នៅត្រឹមចុងខែមករានេះមេរោគអូមីក្រុងនឹងគ្របដណ្ដប់ស្ទើរតែទាំងអស់នៃករណីឆ្លងនៅទូទាំងប្រទេសថៃ ពោលគឺអាចមានរហូតដល់ ៩៧-៩៨នៃករណីឆ្លងសរុប ខណៈមេរោគប្រភេទដែលតាទំនងជាត្រូវបាត់ខ្លួន ៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍