មនុស្ស ៧២នាក់ដែលជាអ្នកពាក់ព័ន្ធនឹងកីឡាអូឡាំពិកក្រុងប៉េកាំងបានតេស្តវិជ្ជមានកូវីដ-១៩
ចិន៖ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងបានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី ២២ ខែមករា ម្សិលមិញថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលបានចិនបានរកឃើញមនុស្សចំនួន ៧២នាក់ក្នុងចំណោមមនុស្ស ២,៥៨៦នាក់ ដែលជាអ្នកមានការពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះបានតេស្តវិជ្ជមានជំងឺកូវីដ-១៩។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា មនុស្សទាំងជាង ២ពាន់នាក់ខាងលើនេះបានធ្វើដំណើរមកកាន់ប្រទេសចិននៅចន្លោះពីថ្ងៃទី ៤-២២ ខែមករានេះ ហើយក្នុងនោះក៏មានក្រុមអត្តពលិកចំនួន ១៧១នាក់ផងដែរ តែគិតត្រឹមពេលនេះក្នុងចំណោមក្រុមអត្តពលិកទាំងនោះគ្មានអ្នកណាម្នាក់វិជ្ជមានជំងឺកូវីដ-១៩នោះទេ។
គួររម្លឹកជូនថា ព្រឹត្តិការណ៍កីឡាំអូឡាំពិករដូវរងានៅក្នុងទីក្រុងប៉េកាំងនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ៤-២០ ខែកុម្ភៈខាងមុខនេះ ហើយព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តមួយនេះក៏ត្រូវបានរៀបចំស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការរាតត្បាតខ្លាំងដោយជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងផងដែរ។ ដើម្បីឆ្លើយតបទៅនឹងវិបត្តិសកលនេះ អាជ្ញាធរបានសម្រេចដាក់ចេញវិធានការតឹងរឹងជាច្រើននាពេលកន្លង ដូចជាអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ឲ្យស្ថិតនៅកម្រិតសូន្យ ហើយតាមរយៈវិធានការនេះអាជ្ញាធរបានសម្រេចបិទក្រុងជាច្រើននិងដកមន្ត្រីជាន់ខ្ពស់មួយចំនួនដែលបណ្តោយឲ្យមានករណីរាតត្បាតជំងឺកូវីដ-១៩ក្នុងដែនដីគ្របគ្រង់របស់ក្រុមមន្ត្រីទាំងនោះ បើទោះជាករណីឆ្លងនៅទីនោះមិនច្រើនដូចនៅក្នុងប្រទេសផ្សេងៗក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia